ប្រធានាធិបតី ដូណាល់ ត្រាំ ទើបឲ្យដឹងថា លោកពិតជាពិបាកអាចទទួលបានកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រជាធិបតេយ្យសំដៅបញ្ចៀសការដែលរដ្ឋាភិបាលត្រូវផ្អាកសកម្មភាពដោយសារគម្លាតអន្តោប្រវេសន៍ និងអំពើឧក្រិដ្ឋកម្ម។
ប្រធានាធិបតី ត្រាំ ទម្លាយចេញថា លោកទើបមានជម្លោះជាមួយថ្នាក់ដឹកនាំភាគីភាគតិចនៅព្រឹទ្ធសភា លោក Charles Schumer និងមេដឹកនាំភាគតិចនៅរដ្ឋសភា អ្នកស្រី Nancy Pelosi កាលពីថ្ងៃទី ២៨/១១ ។ កិច្ចសន្ទនាទាំងនេះពុំមានលទ្ធផលសុទិដ្ឋិនិយម អាចឈានទៅដល់កិច្ចព្រមព្រៀងសំដៅបញ្ចៀសបញ្ហារដ្ឋការអាមេរិកត្រូវបិទទ្វារ។
ប្រធានាធិបតី ត្រាំ បានសរសេរលើ Twitter ថា “ជំនួបជាមួយ Nancy ពិតជាបើកទូលាយ។ បញ្ហាគឺពួកគេចង់ឲ្យអន្តោប្រវេសន៍ខុសច្បាប់ទទួលបានសេរីភាព ចូលមកទឹកដីយើងដោយពុំបាច់ឆ្លងកាត់ការត្រួតពិនិត្យ ពុំរឹតបន្តឹងស្ថានការណ៍ជ្រៀតជ្រែកចូលពីសំណាក់ពួកឧក្រិដ្ឋជន ហើយថែមទាំងពុំតម្លើងពន្ធ ពួកខ្ញុំពុំសំឡឹងឃើញកិច្ចព្រមព្រៀងណាមួយទេ”។
ព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ចាំបាច់ត្រូវក្រិតច្បាប់ចំណាយថ្មីមួយនៅថ្ងៃទី ៨/១២ បំណងបញ្ចៀសការដែលរដ្ឋាភិបាលត្រូវផ្អាកសកម្មភាព។ បញ្ហាជនអន្តោប្រវេសន៍គឺជាគម្លាតធំបំផុតរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
តំណាងរាស្ត្រភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យគាំទ្រដល់កម្មវិធីការពារក្មេងៗដែលធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលមកអាមេរិករបស់អតីតប្រធានាធិបតីអូបា ប៉ុន្តែប្រធានាធិបតី ត្រាំ បែរជាស្វែងរកវិធីលុបចោលកម្មវិធីនេះ តាំងពីអំឡុងខែ កញ្ញា ២០១៧ ។ ប្រសិនបើរដ្ឋសភាពុំដាក់ចេញច្បាប់ដើម្បីរារាំងការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ នោះក្មេងៗ ដែលធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលមកអាមេរិក នឹងត្រូវបណ្តេញចេញនៅឆ្នាំ២០១៨ខាងមុខ។
រីឯប្រធានាធិបតី ត្រាំ ក៏ចង់ទទួលបានភ្លាមនូវថវិកាចំណាយសម្រាប់កសាងរបងបណ្តោយព្រំដែនជាមួយម៉ិចស៊ីកូ ក៏ដូចជាបោះបង់ចោលកម្មវិធីឆ្នោតផ្សងសំណាងអន្តោប្រវេសន៍ ខណៈពេលដែលបណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យចង់ឲ្យមានដំណោះស្រាយជាក់លាក់មួយសម្រាប់អ្នកធ្វើអន្តោរប្រវេសន៍ខុសច្បាប់ចូលមកអាមេរិក។ ពោលគឺពួកគេអាចទទួលបានការរស់នៅរយៈពេលវែង៕ ដោយ ៖ សូយន