មនុស្សជាង ២៥០ នាក់ បានស្លាប់បាត់បង់ជីវិតទូទាំងពិភពលោក ដោយសារតែការថតរូបសែលហ្វី (Selfie)។ នេះបើតាមការស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្ត្រឱសថរបស់ប្រទេសឥណ្ឌា។
ការស្រាវជ្រាវរបស់វិទ្យាស្ថាននេះបានឲ្យដឹងថា មានមនុស្សចំនួន ២៥៩នាក់ បានស្លាប់ដោយសារតែការថតរូបសែលហ្វី ចាប់ពីខែតុលា ឆ្នាំ ២០១១ ដល់ខែវិច្ឆកា ឆ្នាំ ២០១៧។
កាលពីឆ្នាំ ២០១៦ មានមនុស្សស្លាប់ដោយសារថតរូប Selfie ច្រើនជាងគេបង្អស់ ដោយមានចំនួន ៩៨នាក់។
ការស្លាប់ដោយសារលង់ទឹក និងធ្លាក់ពេលកំពុងថតរូប Selfie គឺកើតឡើងជាញឹកញាប់ ហើយអ្នកស្លាប់ភាគច្រើនគឺជាបុរស។
ការសិក្សាស្រាវជ្រាវ បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន ៧២,៥ភាគរយជាបុរស និង ២៧,៥ ជាស្ត្រី។ បុរសត្រូវបានគេរកឃើញថា ចូលចិត្តធ្វើរឿងដែលប្រថុយនឹងគ្រោះថ្នាក់ខ្លាំង ពេលកំពុងថតរូប Selfie ៕ សុភ័ក្ត្រ
ប្រភព៖ DailyMailTV