ឧត្តរមានជ័យ ៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានមានណែនាំដល់មន្ត្រី ចំណុះស្នងការដ្ឋាននគរបាលទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព កុំឲ្យមានការថ្នាំងថ្នាក់ និងឲ្យបានទាន់ពេលវេលា ។ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានប្រជុំទទួលផែនការណែនាំ និងត្រួតពិនិត្យលើការងារជំនាញនីមួយៗ មុនការចុះធ្វើអធិការកិច្ចរបស់ក្រុមប្រតិភូ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ស្នងការ បានស្នើឲ្យមន្ត្រីនគរបាល ត្រូវតែបង្កើនការងារ ការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់អោយបានល្អ និងបានដាក់ផែនការដល់កងកម្លាំងនគរបាល រួមមាន ពង្រឹងសមត្ថភាពបង្កា បង្ក្រាប ពិនិត្យគ្រប់គោលដៅដែលស្មុគស្មាញ ល្បាតតាមគោលដៅសំខាន់ៗ និងបង្ក្រាបអោយបានរាល់បទល្មើសដែលកើតឡើង អធិការដ្ឋាននគរបាលក្រុង-ស្រុកត្រូវមានរបបប្រជុំប្រចាំខែ ដើម្បីពង្រឹងសមត្ថភាពការងារប្រចាំថ្ងៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹងការចុះបង្ក្រាបការប្រើប្រាស់ និងចែកចាយគ្រឿងញៀនអោយបានជាប់ជានិច្ច ពង្រឹងការងារនគរបាល និងសហគមន៍ ត្រូវចុះតាមខ្នងផ្ទះដើម្បីដឹងពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តលើការងារសន្តិសុខក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ។
ការងារអត្តសញ្ញាណកម្ម ត្រូវបន្តយកចិត្តទុកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ទាំងសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ៕ ដោយ ៖ បញ្ញាស័ក្តិ