បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្មេងប្រុសបង្ហោះហ្វេសប៊ុក បរិហារកេរ្តិ៍ឧត្តសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានបង្ក្រាបឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៦ខែតុលានេះ។
សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ ចំពោះថ្នាក់ដឹកនាំស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍ទោ អ៊ុច សុខុនដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំស្នងការដ្ឋានក៏ដូចជា កងកម្លាំងនគរបាលជាតិទាំងមូល ។
ផ្តើមចេញពីបញ្ហានេះ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានចាត់វិធានការបញ្ជា ដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន ក្រុមការងារបណ្តាញសង្គម ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល-កម្រិតធ្ងន់ -កម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋាន -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ -ស្រុកសង្កែ និងស្រុកមោងឬស្សីដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ រហូតដល់ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៨បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ធារៈ ហៅណុល កញ្ញាឬ បញ្ញាភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
តាមរយៈភស្តុតាង ដែលសមត្ថកិច្ចប្រមូលបាន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) ហើយយករូបអ្នកផ្សេង ដែលខ្លួនមាន (គំនំជាមួយ) មកដាក់ក្នុងគណនីហ្វេសប៊ុក ធ្វើជាម្ចស់គណនី ហើយបង្ហោះខ្លឹមសារនិងរូបភាពបរិហារកេរិ្តចំពោះឧត្តសេនីយ៍ទោ អ៊ុច សុខុន ដើម្បីទម្លាក់កំហុស ទៅម្ចាស់គណនីហ្វេសប៊ុកនោះតែប៉ុណ្ណោះ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿង ដើម្បីទម្លាក់កំហុស ទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាល បំបែកសំណុំរឿងវែកមុខឃើញហើយ។
ជនសង្ស័យរូបនេះ និងភស្តុតាងនានា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖កូឡាប