ខេត្តកែប៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នារសៀលថ្ងៃទី១៦តុលា២០១៨ កំលាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យជាមេកន្ទុយលេខចំនួន២នាក់។
មេកន្ទុយលេខទាំង២នាក់ នោះ ឈ្មោះ អ៊ឹង សាយ ភេទប្រុសអាយុ២៥ឆ្នាំនិង ឈ្មោះអ៊ឹង ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ។ ទាំង២នាក់ ជាបងប្អូនបង្កើត រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ក្នុងពេលពួកគាត់កំពុងអង្គុយកត់កន្ទុយលេខ នៅចំណុចផ្សារដំណាក់ចង្អើរ ក្រុងកែប។ ក្នុងពេលឃាត់ខ្លួនយើងដកហូតបាន ក្រដាសកត់លេខជាច្រើនសន្លឹក កាបូបយួរដាក់កន្ទុយលេខ១ កាបូបដាក់លុយ១ ទូរស័ព្ទដៃ ដែលមានកត់កន្ទុយលេខរួចហើយ ទុកបញ្ជូនឲ្យមេនៅភ្នំពេញ១គ្រឿង ប្រាក់ខ្មែរ១.៨៣២.៦០០រៀល និងប្រាក់ដុល្លារ៣២ដុល្លារ។ ជនសង្ស័យទាំង២រូបនេះសមត្ថកិច្ចនគរបាល កំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពត ចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ ដោយ៖បញ្ញាស័ក្តិ