Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងអលង្កា​រមាស លម្អ​រូបចម្លាក់​សម័យ​អង្គរ មកដល់​កម្ពុជា​វិញ ក្រោយពេល​មាន​ការជួញដូរ​ដល់​ប្រទេស​អង់គ្លេស​

​ភ្នំពេញ​៖ គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​លើ រូបចម្លាក់​នា​សម័យអង្គរ ដែល​ទាមទារ​បាន​ដោយ​ជោគជ័យ​យក​មក​វិញ​នេះ សរុប​រួម​មាន​១០​មុខ ហើយ​ត្រូវបាន​ក្រុម​អ្នកជំនាញ​បុរាណវត្ថុ​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ដ៏​វិសេសវិសាល និង​ពុំ​អាច​កាត់ថ្លៃ​បាន​។ សម្បត្តិ​ទាំងនេះ​ជា​ផ្នែក​មួយ នៃ​ដួងព្រលឹង​របស់​បុព្វបុរស​ខ្មែរ​ពិតៗ ដែល​ស្ថិតនៅ​ទូទាំង​ពិភពលោក ហើយ​ត្រូវបាន​យាង​ត្រឡប់ មក​កាន់​មាតុភូមិ​វិញ​ជា​បន្តបន្ទាប់ ក្នុងសម័យ​កាល​ដែល​ជាតិ​យើង បាន​ទទួល​នូវ​សុខ​សន្តិភាព​ពេញ​បរិបូណ៌​។​

​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មិគសិរ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្ពុជា​មាន​មោទនភាព​នាំ​មក​វិញ​នូវ​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូបចម្លាក់​នា​សម័យ​អង្គរ​ពី​ចក្រភព​អង់គ្លេស​។​

​លោក​ហ៊ុន មា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែល​ចេញ​ទៅ​ទទួល​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់​សម័យអង្គ​រ​នៅ​ទីក្រុង​ឡុង​ដ៍ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​នេះ​ថា ប្រតិភូ​ក្រសួង​វប្បធម៌ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ដង្ហែ​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់​សម័យអង្គ​រ មកដល់​កម្ពុជា​វិញ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ធ្នូ​នេះ​។​

​លោក​បន្តថា ពិធី​ប្រគល់​និង​ទទួល​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់​សម័យអង្គ​រ​ចំនួន​១០​ឈុត ធ្វើឡើង​នៅក្នុង​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស រវាង​ក្រុមហ៊ុន​ដែល​ធ្វើ​ការដេញថ្លៃ​លក់​គ្រឿងអលង្ការ ជាមួយ​ភាគី​កម្ពុជា​យើង​។​

​ពិធី​ប្រគល់​នេះ ធ្វើឡើង​ក្រោម​ការចូលរួម​ពី​មន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​, លោកស្រី​ឯក​រាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អង់គ្លេស​, លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក លោក ស សុខា អនុប្រធាន ស​.​ស​.​យ​.​ក ជាមួយនឹង​មន្ត្រី​ក្រសួង​វប្បធម៌ និង​ប្រជាពលរដ្ឋ និស្សិត ដែល​រស់នៅ​ទីក្រុង​ឡុង​ដ៍​មួយចំនួន​ទៀត​ផង​ដែរ​។​

​ក្នុង​ពិធី​ទទួល​នោះ​ក៏​មាន​ការរៀបចំ ពិធី​បន់ស្រន់​សូម​សេចក្តីសុខ ក្នុង​ការនាំយក​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់​សម័យអង្គ​រ ត្រឡប់​មក​កម្ពុជា​វិញ ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចំរើន​។​

​សូមជម្រាបថា កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណៈប្រតិភូ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចាកចេញ​ពី​កម្ពុជា ឆ្ពោះទៅ​កាន់​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ទី​ដែល​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់ សម័យ​អង្គរ​បាន​ដាក់​តាំង​នៅ​ទីនោះ ដើម្បី​ធ្វើការ​ដង្ហែ​យក​មក​កាន់​កម្ពុជា​វិញ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានទទួល​ព័ត៌មាន​ថា ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុង​ដ៍ បាន​ប្រកាស​ដាក់​លក់​វត្ថុ​បុរាណ​ជាច្រើន ដែល​ក្នុងនោះ​រួម​មាន​ឈុត​គ្រឿងអលង្កា​រមាស សម្រាប់​លម្អ​រូបចម្លាក់​ថ្ម ដែល​ត្រូវ​បាន​បញ្ចាក់​ថា ជា​វត្ថុ​បុរាណ​របស់​ជាតិ​កម្ពុជា​។​

​ភ្លាម​បន្ទាប់ពី​ទទួលបាន​ដំណឹង ដំណើរការ​នៃ​ការស្នើសុំ​ទាមទារ​យក​មក​វិញ​នូវ វត្ថុ​បុរាណ​ដ៏​កម្រ​នេះ ត្រូវបាន​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​បំផុត ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​កិច្ចសហការ​ជាមួយនឹង រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស តាមរយៈ​ស្ថានទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ចក្រភព​អង់គ្លេស រួម​ជាមួយ​មន្ត្រី​ជំនាញ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ជា​លទ្ធផល ភ្នាក់ងារ​លក់​វត្ថុ​បុរាណ​បាន​ស្ម័គ្រចិត្ត​ប្រគល់ ឈុត​គ្រឿងអលង្ការ​មាស​សម្រាប់​លម្អ​រូបចម្លាក់ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧៕ ដោយ​៖​កូឡាប​


×