ភ្នំពេញ៖សម្តេចពញាចក្រីប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើកឡើងថា រយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល តាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្ត្រ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុមុខ បានបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា កម្ពុជា ក្រោយការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ចសង្គម មានការងើបឡើងយ៉ាងឆាប់រហ័ស ដោយរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យម ក្នុងរង្វង់ ៧ភាគរយ ក្នុង១ឆ្នាំ។ ដោយឡែក ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនក្នុងរង្វង់ ៧% អត្រា នៃភាពក្រីក្រត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រានៃការអត់ការងារធ្វើ មានចំនួន០,៧%។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានមានប្រសាសន៍ថា ស្មារតី២ធ្នូ និងស្មារតី៧មករា នៅតែបានចារិតជាប់ក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំ ក្នុងការបង្កើតឡើងនូវសមិទ្ធផលនានា លើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំទៅមួយឆ្នាំក្រោមពន្លឺនៃសន្តិភាពនិងសេរីភាពព្រះរាជាណាចក្រកម្ពុជាយើងមានការអភិវឌ្ឍលើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើនបានរីកស្គុះស្គាយពេញផ្ទៃប្រទេសទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញពីសមិទ្ធផលនិងជោគជ័យថ្មីៗបន្ថែមទៀតដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៨និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
សម្តេចពញាចក្រី បានលើកឡើងថា នៅក្នុងអាណត្តិទី៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលជារបៀបវារៈនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។
បច្ចុប្បន្ននេះ សង្គមជាតិកម្ពុជាកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងនេះជាឧត្តមភាព និងជាមូលដ្ឋានគ្រឹះធ្វើឲ្យយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបវឌ្ឍនភាព និងវិបុលភាព ដែលប្រជាជនរស់នៅយ៉ាងសម្បូរសប្បាយ ក្នុងសុខសន្តិភាព សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរតរៀងទៅ៕ ដោយ៖បញ្ញាស័ក្តិ