Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា សម្តែង​ការខកចិត្ត ចំពោះ​សេចក្តីសម្រេច​របស់ IPU

​ភ្នំពេញ​៖ រដ្ឋសភាជាតិ​កម្ពុជា បាន​សេចក្តី​ថ្លែងការណ៍ ទៅកាន់​សហភាព​អន្តរ​សភា IPU ។ គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ដែល​បាន​ចូលរួម​មហា​សន្តិ​បាត​លើក​ទី​១៣៩ របស់​សហភាព​អន្ដរ​សភា IPU បាន​សម្តែង​ការខកចិត្ត​ជា​ខ្លាំង ចំពោះ​សេចក្តីសម្រេច​របស់ IPU ពាក់ព័ន្ធ​ដំណើរការ​គោរព​សិទ្ធិមនុស្ស ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​សំណុំរឿង​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ក្រោយ​សេចក្តីសម្រេច​របស់ IPU ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨​នេះ គណៈប្រតិភូ​រដ្ឋសភា បាន​គូសបញ្ជាក់ថា “​គណៈប្រតិភូ​យើងខ្ញុំ​មាន​ការខកចិត្ត យ៉ាងខ្លាំង បើទោះបីជា​គណៈប្រតិភូ​យើងខ្ញុំ បាន​ផ្តល់ជូន​នូវ​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្តបាន ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជា​ច្រើនលើក​ច្រើនសារ ក៏​គណៈកម្មាធិការ​សិទ្ធិមនុស្ស សហភាព​អន្តរ​សភា ហាក់​ពុំ​បាន​ធ្វើ​ការគិតគូរ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​សោះ​ទ្បើយ​។ ផ្ទុយទៅវិញ ដោយ​ផ្អែក​លើ​ប្រភពព័ត៌មាន ដែល​មាន​លក្ខណៈ​នយោបាយ ពី​ភាគី​ម្ខាង គណៈកម្មាធិការ​បាន​លាប​ពណ៌ ប្រទេស​កម្ពុជា ឱ្យ​ខ្មៅ​ងងឹត​តាមរយៈ​ការចេញ នូវ​សេចក្តីសម្រេច ដែល​មាន​លក្ខណៈ​លម្អៀង ដោយ​ការធ្វើ​ព្រងើយកន្តើយ ចំពោះ​សេចក្តី ត្រូវការ​ពិតប្រាកដ​ជា​មូលដ្ឋាន និង​ផ្លូវ​ដ៏​គ្រោះថ្នាក់​ក្នុង​ដំណើរ ឆ្ពោះទៅរក​ការសម្រេច​បាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ដោយ​ការពុះពារ​យ៉ាង​លំបាក​”​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ គណៈប្រតិភូ​កម្ពុជា បាន​គូសបញ្ជាក់​ទៅ IPU ថា ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា កន្លងទៅ ចំនួន​អ្នកចូលរួម​បោះ​ឆ្នោត​ដ៏​ខ្ពស់​រហូតដល់ ៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាជន​ចុះ​ឈ្មោះ​បោះឆ្នោត បាន​ទទួល​ការ​សាទ​រថា ជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​២០ ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួតប្រជែង​។​

​គណៈប្រតិភូ​រដ្ឋ​សភា​បន្តបង្ហាញ​ថា អ្នកសង្កេតការណ៍​ជាតិ​ចំនួន ៨០.០០០​នាក់ អ្នកសង្កេតការណ៍​អន្តរជាតិ​ប្រហែល ៥០០​នាក់ និង​ភ្នាក់ងារ​មកពី​គណបក្សនយោបាយ​នានា​ចំនួន ៩០.០០០ នាក់ បានបញ្ជាក់​ថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​។ ដំណើរការ​បោះឆ្នោត​ត្រូវបាន​រៀបចំ​ដោយ​មាន​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ដ៏​ល្អ​ប្រសើរ​ជាង​ពេល​ណា​ណា​ទាំងអស់ ដោយ​ពុំ​មាន​ការគំរាមកំហែង ការបង្ក​របួសស្នាម អំពើហិង្សា ឬ​ការបំភិតបំភ័យ​ណាមួយ​ទ្បើយ ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សង្គម​កម្ពុជា​។​

​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ក៏​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​គណៈកម្មាធិការ​សិទ្ធិមនុស្ស IPU ផងដែរ ដែល​មើលមិនឃើញ​បរិយាកាស​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុងពេល បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ហើយ​មើល​រំលង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្សយនយោបាយ​ចំនួន​២០​ផ្សេង​ទ​ទៀត ព្រម​ទាំង​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ប្រកបដោយ ភាពចាស់ទុំ​របស់​ប្រជាជន​កម្ពុជា ហើយ​ផ្អែក​តែ​លើ​អវត្តមាន​របស់​អតីត​គណបក្សនយោបាយ​មួយ​ទៅ​វិញ​។​

​នៅក្នុង​សេចក្តីសម្រេច​របស់​គណៈ​កម្មសិទ្ធិ​មនុស្ស​របស់ IPU បានទាមទារ​ឲ្យមាន​ការចរចា​ផ្នែក​នយោបា​យ​ឡើងវិញ ដើម្បី​ស្តារ​មកវិញ​នូវ​ស្ថានការណ៍​គោរព​សិទ្ធិមនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស IPU ក៏​បាន​ទាមទារ​ឲ្យមាន​ការផ្តល់សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ឡើងវិញ​ផងដែរ​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​ការលើកឡើង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់ IPU ក៏បាន​លើកឡើង​ពី​ការអនុវត្តន៍​បញ្ហា​សិទ្ធិ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ផងដែរ មានដូចជា​ប្រទេស ម៉ាឡេស៊ី ហ្វីលីពីន អ៊ីស្រាអែល ប៉ាឡេ​ស្ទីន កុង​ហ្កោ តួ​ក​គី ម៉ាល់​ឌី​វ អា​ហ្វ​ហ្គានី​ស្ថាន វេ​ណេ​ហ្សូ​អេ​ឡា អ៊ូ​ហ្កង់​ដា សេណេ​ហ្គាល់ និង​ម៉ូ​រី​តានៀ ជាដើម​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×