ភ្នំពេញ៖ ស្ត្រីខ្មែរស្រស់ស្អាតម្នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីបើកសវនាការជាច្រើនលើក ដោយដាក់គុកកំណត់រយៈពេល ២ ឆ្នាំ និង៦ខែ ព្រមទាំងតម្រូវឲ្យសងសំណង ទៅដើមបណ្តឹងចំនួន ១៨ម៉ឺនដុល្លារ ពាក់ព័ន្ធរឿងលួចដីក្រុមហ៊ុន ដែលតា ដាប់បែលយូ ត្រេឌីង (Delta W Trading Co., Ltd) ទំហំ ១១០០ហិកតា នៅស្រុកភ្នំស្រួច។
លោក សេង លាង ចៅក្រមជំនុំជម្រះ និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿង ក្លែងឯកសារ ប្រើប្រាស់ឯកសារ និងលួចលក់អចលនទ្រព្យមិនមែនជារបស់ខ្លួន ដែលមានជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ភេទស្រី អាយុ ៣៧ឆ្នាំ ជា ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិរកាធំ ឃុំអង្គសេរី ក្រុងច្បារមន ខេត្តកំពង់ស្ពឺបច្ចប្បន្នស្នាក់នៅផ្ទះលេខ 98C, ផ្លូវលេខ 608, សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ធ្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅ ឲ្យតុលាការក្រុងភ្នំពេញ ចាត់ការតាមច្បាប់ និងឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធរឿងលួចដីក្រុមហ៊ុន ដែលតា ដាប់បែលយូ ត្រេឌីង (Delta W Trading Co., Ltd) ទំហំ ១១០០ហិកតា មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីមក ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ត្រូវបានសភាស៊ើបសួរ សាលាឧទ្ធរណ៍ សម្រេចដោះលែងនាងចេញពីគុកព្រៃស វិញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។ ក្រោយពីបានចេញពីគុកវិញ ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា បានរៀបចំឯកសារថ្មីៗ ដើម្បីបន្តលួចលក់ដីរបស់ក្រុមហ៊ុន នៅក្នុងឆ្នាំ២០១៨ដដែល។ នៅក្នុងសវនាការជាច្រើនលើកកន្លងមក ជនជាប់ចោទ និងមេធាវីការពារក្តី តែងតែបដិសេធចោលនូវរាល់ការចោទប្រកាន់ និងច្រានចោល ការចោទប្រកាន់របស់តុលាការ។
ជនជាប់ចោទ ថែមទាំងបានធ្វើការបដិសេធ មិនទទួលស្គាល់នូវលទ្ធផលកោសល្យវិច័យ ចុងក្រោយ ដោយក្រសួងមហាផ្ទៃ ទៅលើទម្រង់បែបបទ ឃ្លោងឃ្លា និងខ្លឹមសារទាំងមូល នៃឯកសារ ដែលមានការចោទប្រកាន់ថា ជាឯកសារក្លែងក្លាយនោះទេ។
ជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា បានព្យាយាមពន្យល់ និងលើកឡើង ជាញឹកញយថា រឿងនេះ គឺជារឿងប្តីប្រពន្ធរបស់ខ្លួន គឺមិនមែនជាករណីព្រហ្មទណ្ឌនោះទេ ហេតុអីបានជាមានការចោទប្រកាន់ ហើយចាប់ដាក់គុកជារឿងព្រហ្មទណ្ឌទៅវិញ។
ជនជាប់ចោទបាន ប្រើសិទ្ធិមិនឆ្លើយសំនួរមួយចំនួន ដែលពាក់ព័ន្ធ ឯកសារភស្តុតាងថ្មី ដែលជនរងគ្រោះទើបតែរកឃើញថា ជនជាប់ចោទ បានបន្តលួចលក់ដី ១១០០ហិកតាក្នុងឆ្នាំ២០១៨ (ឯកសារមោឃភាពរបស់មេឃុំផង) ក្រោយពេលសាលាឧទ្ធរណ៍ បានសម្រេចឲ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
ពាក់ព័ន្ធសំណុំរឿងនេះ មេធាវីការពារសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) ធ្លាប់បានលើកឡើង នៅក្នុងសវនាការនាពេលកន្លងមកថា ប្រសិនបើតុលាការសម្រេចផ្តន្ទាទោស ដោយមិនចេញដីកាបង្គាប់ ឲ្យចាប់ និងឃុំខ្លួនជនជាប់ចោទ អាចជាឱកាសឲ្យជនជាប់ចោទ អាចបន្តនូវសកម្មភាព ល្មើសច្បាប់ (លួចដីក្រុមហ៊ុនលក់) ដដែល។
ពីព្រោះតែកន្លងមក ក្រោយពីក្រុមហ៊ុនដឹងរឿង និងប្តឹងឲ្យសមត្ថកិច្ចចាប់ ជនជាប់ចោទដាក់គុក ក៏ជនជាប់ចោទ មានគ្នីគ្នាជាសាច់ញាតិនៅក្រៅគុក លួចទៅរៀបចំឯកសារ លក់ដីក្រុមហ៊ុនបាន រហូនដល់នាងបានចេញពីគុកបណ្តោះអាសន្ន ក៏នាងនៅតែ អាចឃុបឃិតជាមួយអាជ្ញាធរ ដែនដី រៀបចំឯកសារផ្សេងៗ ដើម្បី លួចលក់ដីក្រុមហ៊ុនបាន៕ ដោយ ៖ បញ្ញាស័ក្តិ