ភ្នំពេញ៖ក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរជាង៥០០នាក់បានប្រកាសថា ពួកគេឈប់ធ្វើការតវ៉ាដោយបិទផ្លូវវេងស្រេងទៀតហើយតាមសំណូមពរអភិបាលរាជធានីភ្នំពេញសុំកុំឲ្យបិទផ្លូវបន្តទៀត រង់ចាំមន្ត្រីក្រសួងការងារ ចុះមកធ្វើអធិការកិច្ច ក្នុងរោងចក្រ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅជួបផ្ទាល់ជាមួយក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពន្យល់ពីទិដ្ឋភាពច្បាប់នានាលើការតវ៉ាបិទផ្លូវ និងស្នើសុំឲ្យក្រុមកម្មករទាំងអស់ បញ្ឈប់ការបិទផ្លូវតទៅទៀត ដោយរង់ចាំក្រុមមន្ត្រីក្រសួងការងារ ចុះមកធ្វើអធិការកិច្ចក្នុងរោងកច្រ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានស្តីពីការតវ៉ា រហូតបិទផ្លូវវេងស្រេងចំនួន២លើក ពេលព្រឹក និងពេលរសៀល កាលពីថ្ងៃទី១ខែធ្នូ ពីសំណាក់ក្រុមកម្មករ-កម្មការិនី នៃរោងចក្រ EVC ម៉េងដាហ្វូតវៀរ នាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២ខែធ្នូដដែលនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញទៅជួបដោយផ្ទាល់ជាមួយពួកគាត់ ដើម្បីស្នើសុំកុំឲ្យតវ៉ាបិទផ្លូវតទៅទៀត ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលធ្វើដំណើរតាមផ្លូវមួយនេះ។
លោកអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនក្រុមកម្មករ-កម្មការិនីនោះក្រៅពីដោះស្រាយរឿងបិទផ្លូវចប់លោកអភិបាលរាជធានីភ្នំពេញបានសួរនាំពីនិងការងារប្រចាំរបស់កម្មករហើយបន្ទាប់មកលោកបានពន្យល់ពីទិដ្ឋភាពច្បាប់ ចំពោះការតវ៉ាបិទផ្លូវ ដែលជាលទ្ធផលក្រុមកម្មករ-កម្មការិនី បានយល់ព្រម មិនចុះផ្លូវតវ៉ាទៀតឡើយ ដោយរង់ចាំការដោះស្រាយបញ្ហាបន្តទៀត នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ពីសំណាក់អាជ្ញាធរ និងមន្ត្រីក្រសួងការងារ ដែលនឹងចុះមកកាន់រោងចក្រនេះ ដើម្បីធ្វើការអធិការកិច្ច។
គួរបញ្ជាក់ថា៖ មូលហេតុដែលនាំឲ្យមានការបិទផ្លូវខាងលើនេះដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយ៥ចំណុច ពីថៅកែរោងចក្រ រួមមាន៖ ទី១៖ លុយ៥ភាគរយ ទី២៖ លុយអតិអភាពការងារ, ទី៣៖ លុយបំណាប់ឆ្នាំ ទី៤៖ លុយជូនដំណឹង និងទី៥៖ លុយជំងឺចិត្ត។ចំពោះការតវ៉ាកាលពីថ្ងៃទី១ធ្នូទាំងព្រឹកនិងទាំងរសៀលផង ក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរជាង៥០០នាក់ បាននាំគ្នាចុះផ្លូវតវ៉ា និងបិទជិតតែម្តង ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង រហូតកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បានចុះទៅជួយអន្តរាគមន៍ ដើម្បីបើកផ្លូវឡើងវិញ។
កម្មករបាននិយាយថា៖ការដែលពួកគេធ្វើបាតុកម្មបិទផ្លូវខាងលើនេះបន្ទាប់ពីបានដឹងថារោងចក្រមួយនោះមានការផ្លាស់ប្ដូរ ថៅកែថ្មី ដោយមិនបានជូនដំណឹងឲ្យកម្មករបានដឹងជាមុន និងមិនបានទូទាត់ប្រាក់អតីភាពការងារ និងប្រាក់បំណាច់ផ្សេងៗឲ្យពួក គេទាំងអស់គ្នាឡើយ។នេះគឺជាការរំលោភច្បាប់ពីសំណាក់ក្រុមហ៊ុន ដែលតាមច្បាប់មុននិងមានការរុះរើឬផ្លាសើប្ដូរថៅកែនិងឈ្មោះ តោងចក្រ ក្រុមហ៊ុនត្រូវតែជូនដំណឹងដល់កម្មករជាមុន ឬទូទាត់ប្រាក់បំណាច់និងប្រាក់អតីតភាពការងារផ្សេងៗ ដែលកម្មករត្រូវនទទួលបានជាមុនសិន បើមិនដូច្នោះទេមិនបានឡើយ។ចំណែករោងចក្រមួយនេះមិនបានធ្វើៗទៅតាមច្បាប់ ការងារដែលបានចែងមកទេ ទើបបណ្ដាលឲ្យផ្ទុះការតវ៉ាពីសំណាក់កម្មករទាំងអស់បែបនេះតែម្ដង។
កម្មករបានបន្តទៀតថា៖ ពេលនេះពួកគេបានទារតែមួយចំណុចទេ គឺឲ្យថៅកែទូទាត់ប្រាក់បំណាច់និងអតីតភាពការងារ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៨ ជូនដល់ពួកគេទាំងអស់គ្នា ទៅតាមច្បាប់ការងារដែលរោងចក្រផ្លាស់ប្ដូរថៅកែថ្មីនេះ។ម្យ៉ាងទៀត ថៅកែបានធ្វើការគាបសង្កត់កម្មករគ្រប់បែបយ៉ាងថែមទៀតផង ហើយត្រូវតែបញ្ឈប់ការគាបសង្កត់តទៅទៀត៕ ដោយ៖កូឡាប