ខេត្តស្វាយរៀង ៖ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ៩ គ្រួសារ ចាស់ជរា គ្រួសាររងគ្រោះដោយសារលង់ទឹក ៥ គ្រួសារ ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារមានជីវភាពខ្វះខាត សរុប ២៤៧ គ្រួសារ មកពី ១៦ ឃុំក្នុងស្រុកស្វាយជ្រំ និង ១០ ឃុំក្នុងស្រុកកំពង់រោទិ៍ ។
ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសជនងាយរងគ្រោះ និងគ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយ ពិធីនេះបានប្រព្រឹត្តទៅ នៅទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ។
ក្នុងឱកាសនោះ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បាននាំមកនូវបណ្តាំសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព មានអនាម័យល្អក្នុងការរស់នៅ បិទទូរទស្សន៍ ទូរស័ព្ទ ពេលមានភ្លៀងផ្គរ មើលថែទាំកូនចៅកុំឱ្យលេងទឹក ប្រុងប្រយ័ត្នអគ្គីភ័យ និងជាពិសេសត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។
អំណោយបានចែកជូន ២៣៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាធ្វើដំណើរ ៤០,០០០ រៀល ។ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ ក្នុងឱកាសនោះលោកជំទាវបានឧបត្ថម្ភបន្ថែមដល់ចាស់ជរា គ្រួសារមានជីវភាពខ្វះខាត ២៣៨ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០,០០០ រៀល ឧបត្ថម្ភដល់ គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ៩ គ្រួសារ ក្នុង ១ គ្រួសារថវិកា ១០០,០០០ រៀល ឧបត្ថម្ភដល់គ្រួសារលង់ទឹកស្លាប់ ៥ នាក់ ក្នុង ម្នាក់ ថវិកា ៥០,០០០ រៀល ឧបត្ថម្ភដល់ជនពិការ ម្នាក់ថវិកា ៥០,០០០រៀល ៕ ដោយ ៖ វ៉ៃកូ