ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗក្នុងថ្លុកឈាមដោយសារតែជិះម៉ូតូ វ៉ាជែងជាមួយរថយន្តមិនផុតក៏ទាក់ដៃចង្កូតចូលកង់រថយន្តកុងតៃន័រមួយដែលបើកច្រាសទិស កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
អ្នកភូមិឱ្យដឹងថា៖បុរសរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ អាយុជាង២០ឆ្នាំ ជិះម៉ូតូ ម៉ាក ZOOMER ពណ៌ខ្មៅ លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GE-1902 ។ ចំណែករថយន្តកុងតៃន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-0949 ដឹកទំនិញ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ មុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង ជនរងគ្រោះជិះម៉ូតូធ្វើដំណើរពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខជាបន្តបន្ទាប់ បើកចូលទាំងបំណែកផ្លូវម្ខាងទៀត លុះដល់ចំណុចខាងលើ វ៉ាមិនផុត ស្រាប់តែទាក់ដៃចង្កូតជាមួយរថយន្តកុងតៃន័រ បោកចូលកង់ក្រោយខាងឆ្វេង បណ្តាលឲ្យកិនបែកក្បាលស្លាប់ភ្លាមនៅ ក្នុងថ្លុកឈាមតែម្តងហើយអ្នកបើកបររថយន្តបានចតរថយន្តស្ងៀមនៅក្បែរនោះហើយចុះរត់គេចទៅបាត់ ។
អ្នកភូមិបន្តថា៖ក្រោយកើតហេតុករណីខាងលើសមត្ថកិច្ចមូលដ្ឋានជំនាញចុះទៅសម្រួលចរាចរណ៍ជៀសវាងកកស្ទះ ហើយប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ដើម្បីយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ច ពិនិត្យស្លាកស្នាមរួចរាល់នឹង បន្តស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីដឹកយកទៅស្រុកកំណើត ៕ ដោយ ៖ បញ្ញាស័ក្តិ