ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទស្ត្រីខ្មែរម្នាក់ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងបង្គាប់ឲ្យសងជំងឺចិត្តលើការខូចខាត និងខាតបង់ផ្សេងៗ ដល់ជនរងគ្រោះចំនួន ១៨ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុងបទល្មើសក្លែងឯកសារ លួចលក់ដីរបស់ក្រុមហ៊ុនជនជាតិអាល្លឺម៉ង់ ចំនួនជាង១០០០ហិកតា នៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រឿងក្តីនេះ គឺស្ថិតក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ ដោយជនជាប់ចោទបាន អះអាងថា វាមិនមែនជាករណីបទល្មើសលួចលក់ដីអ្វីនោះទេ តាមពិតវាជារឿងជំលោះផ្ទៃក្នុងគ្រួសារ របស់នាងតែប៉ុណ្ណោះ ដោយរូបនាង និងជនជាតិអាល្លឺម៉ង់នោះ ជាប្ដីប្រពន្ធនឹងគ្នា និងមានកូនជាមួយគ្នា។
លោកចៅក្រម សេង លាង បានប្រកាសសាលក្រមខាងលើនេះ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីបើកសវនាការជំនុំជម្រះជាច្រើនលើកច្រើនសាររួចមក តែថ្ងៃប្រកាសសាលក្រម គេឃើញមានវត្តមានតែភាគីជនរងគ្រោះ និងមេធាវីតែប៉ុណ្ណោះ គេមិនបានឃើញមានវត្តមានភាគីជនជាប់ចោទ និងមេធាវីការពារក្ដី ចូលរួមដូចថ្ងៃបើកសវនាការកន្លងមកនោះឡើយ។
ជនជាប់ចោទ នួន ច័ន្ទមករា ត្រូវបានតុលាការសម្រេចធ្វើការចោទប្រកាន់ ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងលួចលក់អចលនទ្រព្យ ដែលមិនមែនជារបស់ខ្លួន (ដីរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ចំនួនជាង១១០០ហិកតា) នៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយឈ្មោះរ៉ៃន័រ ម៉ារាវ៉ូលនី ប្រធានក្រុមហ៊ុនដែលតា ដាប់បែលយូ ត្រេឌីង។
ជនជាប់ចោទ ឈ្មោះ នួន ច័ន្ទមករា ភេទ ស្រី អាយុ ៣៥ឆ្នាំ សញ្ជាតិខែ្មរ មានទីកំណើតនៅភូមិរកាធំ ឃុំអង្គសេរី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នរស់នៅផ្ទះលេខ ៩៨សេ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនគរបាលព្រហ្មណ្ឌក្រសួងមហាផ្ទៃ ធ្លាប់បានចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១០៦ ហើយលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ជាផ្លូវការ ហើយបន្ទាប់មកក៏មានការសម្រេច ដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធធនាគារព្រៃស ដោយលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជាធានីភ្នំពេញ អស់រយៈពេលប្រហែល១០ខែ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ទើបជនជាប់ចោទរូបនេះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយសាលាឧទ្ធណ៍ បន្ទាប់ពីមានការបដិសេធ ទៅលើសំណើសុំដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ម្តងជាពីរដង រួចមកហើយ ដោយសាលាដំបូងរាជធានី និងសាលាឧទ្ធរណ៍។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ បានដោះលែងជនជាប់ចោទរូបនេះ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ របស់តុលាការ និងហាមឃាត់មិនឲ្យជនជាប់ចោទ ចេញក្រៅព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាប់ចោទ ត្រូវតែមកបង្ហាញខ្លួន នៅចំពោះមុខតុលាការ នៅពេលដែលមានដីកាកោះហៅ៕ ដោយ ៖ បញ្ញាស័ក្តិ