កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩ ខាងមុខនេះតទៅ ប្រាក់ខែអប្បបរិមារបស់កម្មករគឺត្រូវបានតម្លើងពី ១៧០ ដុល្លារ ទៅដល់ ១៨២ដុល្លារ ដែលជាការអនុវត្តតាមការសន្យា។
សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈការពិភាក្សាភាគីម្ចាស់រោងចក្រហ៊ានឲ្យត្រឹមតែ ១៧៧ ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ តែរាជរដ្ឋាភិបាលត្រូវចំណាយ ៥ដុល្លារបន្ថែមទៀតជូនកម្មករ។ ចំពោះតំលៃអគ្គិសនី ក៏ត្រូវបានបញ្ចុះឲ្យមកទាបផងដែរ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់ម្ចាស់រោងចក្រ។
នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រោងចក្រចំនួន៤ ដែលបានអនុញ្ញាត្តិឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះគឺមកពីខេត្តកណ្ដាល ចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤.៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១.៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករនិងម្ចាស់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កូនក្មួយៗកម្មករ ក៏ដូចបងប្អូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ដែលបាននាំគ្នាបំពេញភាកិច្ចជាពលរដ្ឋល្អចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យដោយបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ និង សូមអរគុណដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិកើនដល់ ៧,៣% នៅឆ្នាំ២០១៨។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីលទ្ឋផលជោគជ័យនៅក្នុងដំណើរបេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ ដែលសម្តេចតេជោបានសម្រេចនូវកិច្ចការងារសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលសម្តេចតេជោបានថ្លែងសារសំខាន់ៗទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) ខាងមុខនេះ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន៣ថ្ងៃ គឺនៅថ្ងៃទី២៩,៣០,៣១ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចជា ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)៕ ដោយ ៖ កូឡាប