វាជារឿងពិត តែក្រៅពីសមាជិកក្រុមគ្រួសារ “បង្កើត” ចេញពុំមានអ្នកណាដឹងប្រាកដថា លោក Thomas Markle អាយុ ៧៣ឆ្នាំ កំពុងរស់នៅឯណាឡើយ បានត្រឹមដឹងថា នៅ Mexico ប៉ុណ្ណោះ។
Tom Jnr បងប្រុសឪពុកតែមួយ ម្តាយទីទៃរបស់ Meghan ដែលមានអាយុ ៥១ឆ្នាំ ប្រាប់ Daily Mail ថា “ពុកគាត់ពុំចូលចិត្ត “ពន្លឺភ្លើងលើឆាក” ទេ ហើយតាំងពីព័ត៌មានពុះកញ្ជ្រោលពីមង្គលការរវាង Meghan និង Harry លេចឮមក គាត់រស់នៅដោយលាក់កំបាំងខ្លួនតែម្តង”។
“មនុស្សលាក់ខ្លួន” ធ្លាប់រស់នៅអាគារមួយក្បែរឆ្នេរសមុទ្រ Rosarito នៅ Mexico ។ ប៉ុន្តែពេលនេះ ផ្ទះនោះពុំ “មានម្ចាស់” ព្រោះតែម្ចាស់វាបានសម្រេចចិត្តចាកចេញពីចំណាប់អារម្មណ៍របស់មហាជន។
តាមសម្តីរបស់ Tom Jnr ដដែលឲ្យដឹងថា លោក Thomas មានការផ្លាស់ប្តូរទាំងស្រុង ក្រោយពី Meghan ចាប់កំណើតនៅខែ ៨/១៩៨១។ បុរសកូន ៣ ដែលធ្លាប់ “ញោច”នឹងការងារ ដោយចំណាយពេលរហូត ៧៥ម៉ោង/១សប្តាហ៍ ពេលមាន Meghan នោះនាងក្លាយជា “ពិភពលោក” របស់គាត់។
លោក Thomas ធ្លាប់ចំណាយលុយដែលលោកត្រូវឆ្នោត ៥៦០.០០០ដុល្លារ ទុកសម្រាប់ផ្តោតលើការសិក្សាល្អបំផុត សម្រាប់កូនស្រី។ ទោះបីត្រូវផ្ទេរទៅធ្វើការនៅ Mexico ក្តី ក៏ពួកគេទាំង២នៅតែស្និទ្ធស្នាលទូរស័ព្ទរៀងរាល់សប្តាហ៍។
ពេលនេះមានរបួសនៅក្បាលជង្គង់ ហើយតាមគំរោងលោក Thomas Markle នឹងត្រូវដឹកដៃកូនក្រមុំនៅព្រះវិហារ St George នៅ Winsor ប្រទេសអង់គ្លេស នាទិឃៈរដូវ ឆ្នាំក្រោយ។ Tom Jnr ពោល ៖ ពុកស្រឡាញ់ថ្នាក់ថ្នម Meghan ជាងអ្វីៗទាំងអស់។ Meghan ជាទេពអប្សររបស់គាត់ ហេតុនេះពិតណាស់គាត់នឹងមានវត្តមាននៅមង្គលការរបស់ Meghan ជាមួយព្រះអង្គម្ចាស់ពិតៗ”។
គេបានដឹងថា ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេសពុំទាន់បានជួបមុខ “ឪពុកក្មេក” នៅឡើយទេ គ្រាន់តែបានសន្ទនាគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។
លោក Thomas និងអ្នកស្រី Doria Ragland អាយុ ៦១ឆ្នាំ បានលែងលះគ្នានៅឆ្នាំ ១៩៨៧ តែអ្នកទាំង២ សុទ្ធសឹងពោលថា “រីករាយជាមួយមង្គលការរបស់ Mghan និង Harry ។
អ្នកទាំង២ សរសេរក្នុងសេចក្តីប្រកាសផ្លូវការថា ៖ កូនស្រីរបស់យើងខ្ញុំចិត្តល្អ និងចេះស្រឡាញ់។ សម្លឹងឃើញកូនស្រីរៀបការជាមួយ Harry គឺជាក្តីរីករាយធំធេងរបស់អ្នកជាឪពុកម្តាយ។ យើងខ្ញុំជូនពរឲ្យកូនៗមានសុភមង្គល៕ ចន្ទ្រា