ពាក្យចាស់បុរាណតែងពោលថា បង្កើតកូនបានតែរូបរាងកាយ តែពុំអាចតាក់តែងចរិកមាយាទបានទេ។ រឿងរ៉ាវដែលកើតឡើងនៅថ្ងៃម្សិលមិញ ជុំវិញករណីដែលលោកផ្កាយ២ម្នាក់ ជាកូនប្រសាររបស់លោក ហ៊ុន សាន បងប្រុសរបស់បុរសខ្លាំងកម្ពុជា (សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន) ពិតជារឿងមួយដែលស្ថិតក្នុងចំណងជើងខាងលើ។ សំណេរដ៏ជូរចត់របស់ប្អូនប្រុសម្នាក់ នៃឪពុកក្មេករបស់ជនល្មើស ហើយក៏ជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសមួយ ធ្វើឲ្យយើងរំជួលចិត្តយ៉ាងខ្លាំង ៖”ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូរបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសាររបស់ខ្ញុំក៏ដោយ”។
ពិតណាស់នេះជាសេចក្តីសម្រេចចិត្តមួយពោរពេញដោយការឈឺចាប់ ប៉ុន្តែវាពុំអាចមានជម្រើសផ្សេងសម្រាប់មេដឹកនាំប្រទេសមួយឡើយ។ ខ្លះគេថា ជនល្មើសថៃ ផានី ដែលពាក់ផ្កាយ ២ នៅក្រសួងការពារជាតិគឺជាអណិកជនធ្លាប់មានភរិយា និងកូននៅប្រទេសអូស្ត្រាលី ហើយក៏បានដឹងទៀតថា ជននេះ ធ្លាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនផងដែរ។
អនិច្ចាបុរសជាឪពុក ដែលមានភាពចំណាស់ភ្លេចភ្លាំង ក្រោយភរិយាទទួលមរណៈភាពទៅ និងជាសាច់ញាតិរបស់ប្រមុខរាជរដ្ឋាភិបាលជាទីគោរពផងនោះ ត្រូវបានកូនចៅប្រើប្រាស់ឥទ្ធិពលរបស់លោកដើម្បីការពារដល់មុខរបររកស៊ី ទោះបីដឹងថា វាពុំមែនជាអាជីពស្របច្បាប់មួយក៏ដោយ។
ម្យ៉ាងទៀត ហេតុការណ៍នេះតិច ឬច្រើនត្រូវបានបិទបាំងរហូតទល់ពេលបច្ចុប្បន្ននេះ ពុំមែនជារឿងធម្មតាឡើយ ព្រោះនៅជុំវិញសង្វៀនដ៏ធំចំនួន ២កន្លែង ស្ថិតក្នុងខេត្តកណ្តាល ត្រូវបានបង្ក្រាបដោយគណៈបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ត្រូវបានផ្សព្វផ្សាយ ពេញបណ្តាញសង្គមក៏ដូចជាប្រព័ន្ធព័ត៌មានក្តី ប៉ុន្តែរឿងហេតុពុំបានបញ្ចប់ត្រឹមនេះទេ។
ពិតជាឈឺចាប់ណាស់! ដែលស្របពេលដែលឈ្មោះ ថៃ ផានី ហៅម៉ាប់ ត្រូវជាកូនប្រសាររបស់បងប្រុសបង្កើតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ខ្លួនឲ្យសមត្ថកិច្ចនោះលើបណ្តាញសង្គម គេបានឃើញការចែករំលែកតៗគ្នានូវតារាងបែងចែកលាភសក្ការៈដល់អាជ្ញាធរមូលដ្ឋាន។
ជាមនុស្សម្នាក់ដែលពេញវ័យអំឡុងពេលក្រោយថ្ងៃរំដោះ ៧ មករា ខ្ញុំបានយល់នឹងដឹងនូវអ្វីៗដែលបានប្រព្រឹត្តទៅនៅជំនាន់នោះក៏ដូចជាបច្ចុប្បន្នភាពរបស់ស្ថានការណ៍កម្ពុជាបច្ចុប្បន្ន។ សម្តេចហ៊ុន សែន មេដឹកនាំដ៏ចាំបាច់មិនអាចគ្មានបានក្នុងស្ថានការណ៍កម្ពុជាបច្ចុប្បន្នពិតជាពិបាករំលែកឲ្យបានដាច់ស្រឡះរវាងរឿងគ្រួសារ និងបញ្ហាប្រទេសជាតិ “ប្រទេសមានច្បាប់ គ្រួសារមានវិន័យ” តើលោកត្រូវញែកបេះដូង ដោះស្រាយយ៉ាងណាទៅ។ ពិតណាស់! សម្តេចប្រាកដជាយកច្បាប់ប្រទេសជាធំ ប៉ុន្តែទោះយ៉ាងណាពុំអាចចៀសផុតពីអារម្មណ៍ឈឺចាប់ព្រោះតែទង្វើរបស់កូនក្មួយ ដែលគ្មានការទទួលខុសត្រូវ។
ពុំខុសទេ ដែលមនុស្សខ្លះលើកឡើងថា “តើបុគ្គល ថៃ ផានី វាចូលមកក្នុងត្រកូលហ៊ុន សម្រាប់បំផ្លាញត្រកូលមួយនេះឬយ៉ាងណា”?។
“មានតក់ មាននាល” ជារឿងធម្មតា បញ្ហាស្ថិតត្រង់ថា ក្រៅពីរឿង ដ៏សែនឈឺចាប់មួយនេះ របស់គ្រួសារត្រកូលហ៊ុន វានៅមានការឲ្យដៃពីសំណាក់អាជ្ញាធរមូលដ្ឋានដែលជាភ្នែកជាច្រមុះរបស់ប្រមុខរដ្ឋាភិបាលដែរឬទេ?។
ជាអត្ថបទមួយដែលខ្ញុំសរសេរផ្ញើជូនគេហទំព័រ CEN.COM.KH ដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់របស់ខ្លួនខ្ញុំ ហេតុនេះមេត្តាប្រិយមិត្តអ្នកអាន បើរិះគន់ក៏រិះគន់ចុះ មេត្តាកុំចាប់យកជាចំណាប់ខ្មាំងដើម្បីវាយប្រហារ (បម្រើឲ្យនយោបាយ) ឲ្យសោះ ព្រោះយ៉ាងណាខ្ញុំកំពុងនិយាយពីរឿងឯកជនរបស់ក្រុមគ្រួសារមួយ៕ ពីមិត្តអ្នកអានម្នាក់