ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោកបានទទួលជួប លោកស្រី Rhona Smith (រ៉ូណា ស្មីត) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយលោក បានថ្លែងថា គម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ប្រៀបស្មើនឹងសហគមន៍អឺរ៉ុប បំផ្លាញសមិទ្ធផលដែលកសាងក្នុងវិស័យកាត់ដេរ។
លោក កែវ រ៉េមី បានលើកឡើងថា ចំណាត់ការរបស់សហភាពអឺរ៉ុប ដែលព្រមានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពីកម្ពុជា គឺជារឿងពុំត្រឹមត្រូវ និងអយុត្តិធម៌ ដោយលោកថា សហភាពអឺរ៉ុប បែរជាផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេស ដែលមានអំពើរំលោភសិទ្ធិមនុស្សអាក្រក់ជាងកម្ពុជាទៅវិញ។
លោកអះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានអភិវឌ្ឍន៍បញ្ហាសិទ្ធិមនុស្សរបស់ខ្លួនល្អប្រសើរ និងមិនមានការរំលោភសិទ្ធិមនុស្សដូចការចោទប្រកាន់នោះឡើយ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា៖ “គាត់ (EU) បានយកលេសនូវសិទ្ធិមនុស្ស ដើម្បីកាត់ឬដកហូតជាស្អីក៏ដោយ ក៏ប៉ុន្តែខ្ញុំគ្រាន់តែឆ្លើយតបទៅវិញថា គាត់ធ្វើអត់ត្រូវ។ អ្វីដែលគាត់ជួយហើយគាត់បំផ្លាញនូវសមិទ្ធផល ដែលគាត់ចូលរួមជួយ អាហ្នឹងគាត់បំផ្លាញ”។
លោក កែវ រ៉េមី បានបន្តថា ការដែលនិយាយចោទថាកម្ពុជា គ្មានការគោរពសិទ្ធិគឺមិនត្រឹមត្រូវនោះទេ ប្រសិនបើក្រឡែកទៅមើល ប្រទេសជិតខាងយើងខ្លះ គឺមានតែគណបក្សនយោបាយតែមួយ ហើយស្ថានភាពសិទ្ធិមនុស្សវិញ មិនមានភាពល្អប្រសើរដូចប្រទេសកម្ពុជានោះទេ បែរជាផ្តល់ការអនុគ្រោះពន្ធ រួចចោទកម្ពុជាថាមិនគោរពសិទ្ធិមនុស្សទាំងនេះ គឺមិនត្រឹមត្រូវនោះទេ។
លោកបានបន្ថែមទៀតថា ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា រក្សាលំនឹងបានជានិច្ច ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ទៅលើជីវភាពរស់នៅរបស់កម្មករ-កម្មការិនី ដោយបង្កើតយន្តការចុះពិនិត្យផ្ទះសម្បែង ព្យាយាមទប់ស្កាត់មិនឱ្យឡើងថ្លៃភ្លើង ថ្លៃទឹក និងកន្លែងស្នាក់នៅ ព្រមទាំងសេវាកម្មមួយចំនួនធំ ជាហូរហែរ ហើយនៅឆ្នាំ២០១៩ ខាងមុននេះ ប្រាក់ខែកម្មករ-កម្មការិនី នឹងឡើងជាង១៨០ដុល្លារ ដូច្នេះមានន័យថា សូម្បីតែប្រាក់ខែអប្បរមានៅកម្ពុជា មានកម្រិតខ្ពស់ជាងបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
លោក កែវ រ៉េមី បាន ស្នើសូមឱ្យ EU ពិចារណាសារជាថ្មី កុំឱ្យសមិទ្ធផលបានល្អ ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល បានជោគជ័យ គាត់ទៅបំផ្លាញដោយខ្លួនគាត់ ខាតបង់ខាងកម្មករ-កម្មការិនី។
លោកបានបញ្ជាក់ជូនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺស្របទៅតាមច្បាប់ ជាពិសេសគោរពសិទ្ធិប្រជាពលរដ្ឋ និងមិនរំលោភបំពានដែលបង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋណាមួយនោះឡើយ។ កម្ពុជានឹងបន្តការពិនិត្យ និងតាមដានស្ថានភាពការរស់នៅរបស់ទណ្ឌិតតាមបណ្តាពន្ធនាគារមួយចំនួន ដើម្បីលើកស្ទួយសិទ្ធិមនុស្សកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា លោកស្រី រ៉ូណា ស្មីត បានជំរុញទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ។ លោកស្រី រ៉ូណា ស្មីត បានថ្លែងបែបនេះ នៅក្រោយជំនួបជាមួយប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅរសៀលថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃនៅកម្ពុជារបស់លោកស្រី។
លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែចាត់វិធានការជាជំហ៊ានៗ ក្នុងការកែលម្អបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន ដើម្បីបន្ដទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប៕ ដោយ ៖ រចនា