Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​កំពុង​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ឆ្នាំ​២០១៧

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​កំពុង​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។​

​នៅ​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណៈកម្មកា​រ នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ដើម្បី​ពិនិត្យ និង​សិក្សា​លើ​សេចក្តី​ព្រាងច្បាប់​ទាំងពីរ លោក បណ្ឌិត​រដ្ឋ ជាម យៀប បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បាន​តាក់តែង​ឡើង​ក្នុង​ទិសដៅ ធានា​ដល់​ច​លន​ការ​នៃ​កំណែទម្រង់ ព្រមទាំង​តម្រង់ និង​តម្រឹម​គោលដៅ​នៃ​កំណែទម្រង់​ស្របទៅតាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ និង​ការសម្រេច ឲ្យបាន​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព​នៃ​ការងារ​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​៦​ជំពូក និង​១៣​មាត្រា ដោយ​ធានា​រក្សា​បាន​នៅ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​រង្វង់​៧% ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដល់​ការ បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។ លោក បណ្ឌិត​រដ្ឋ ជាម យៀប បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្ត ទុកដាក់​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ថ្នាក់​ឱ្យមាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើ​ឡើង​។​

​ដោយឡែក សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​វិញ មាន​៣​ជំពូក​១៣​មាត្រា​។ លោក ប្រធាន គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ពន្យល់ថា​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​គោរព​ទាំងស្រុង តាម​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។​

​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា នា​ឱកាស​នេះ បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​លើ​សេចក្តីព្រាងច្បាប់ ទាំងពីរ​ខាងលើ​។ លោក បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យមាន​ធាតុ​ចូល​គ្រប់​ជ្រុងជ្រោយ រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ដើម្បី​ឲ្យមាន​ការពិភាក្សា​លើ​សេចក្តីព្រា​ង​ច្បាប់​ទាំង​ពីរ​នេះ​នា​ពេលខាងមុខ ហើយ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា ត្រូវ​ប្រជុំ​ពិនិត្យ និង​សិក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ទៀត មុន​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×