អ្នកលក់សាច់ម្នាក់នៅក្នុងផ្សារទំនើបមួយកន្លែង ស្ថិតក្នុងប្រទេសអ៊ុយក្រែន កំពុងប្រឈមការឈប់ទិញពីសំណាក់អតិថិជន បន្ទាប់ពីអ្នកលក់នោះ បានធ្វើការរៀបសាច់ឲ្យមើលទៅដូចជាគ្រោងឆ្អឹងខ្មោចគួរឲ្យខ្ពើម និងខ្លាច។ ការរៀបឆ្អឹងជំនីរ និងសាច់ជាគ្រោងឆ្អឹងមនុស្សនេះធ្វើឡើងកាលពីថ្ងៃពុណ្យ Halloween កាលពីពេលថ្មីៗនេះ។
អ្នកលក់សាច់នោះបានយកឆ្អឹងជំនីរជាច្រើនកង់មកតំរៀបគ្នា និងប្រើសាច់ក្រកធ្វើជាពោះវៀនពោះតាំង ព្រមទាំងមានគ្រឿងក្នុងផ្សេងៗទៀតដែរ ហើយក៏បានតុបតែងផ្នែកក្បាលផងដែរ ដែលធ្វើឲ្យអតិថិជនខ្ពើម និងភ័យខ្លាច។
ការដាក់តាំងសាច់ដែលមើលទៅដូចជាគ្រោងឆ្អឹងមនុស្សបែបនោះ ត្រូវបានអតិថិជនម្នាក់មើលឃើញ និងភ័យខ្លាច ហើយក៏មានមនុស្សជាច្រើនដែលចូលមកផ្សារទំនើបស្ថិតក្នុងទីក្រុង Fastiv ខេត្ត Kiev Oblast បានឃើញព្រមទាំងបានថតរូបធ្វើការចែកចាយលើបណ្តាញសង្គម។
អតិថិជនជាច្រើននាក់មានការខឹងចំពោះការដាក់តាំងសាច់គួរឲ្យខ្ពើម និងខ្លាចនោះ ហើយពួកគេក៏សន្យាថានឹងឈប់ទិញសាច់ពីអ្នកលក់នោះផងដែរ។
អតិថិជនម្នាក់និយាយថា “ខ្ញុំចង់និយាយថាការដាក់តាំងនោះពិតជាគួរឲ្យខ្ពើមខ្លាំងណាស់។ ខ្ញុំនឹងមិនទិញអ្វីៗទាំងអស់ពីអ្នកទៀត ឡើយ”។
ទោះយ៉ាងណា អ្នកគ្រប់គ្រងផ្សារទំនើបនោះមិនទាន់មានមតិឆ្លើយតបជុំវិញការខឹងពីអតិថិជនឡើយ៕ សុភ័ក្ត្រ
ប្រភព៖ dailystar