តាកែវ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធយ៉ាងដាច់ខាតថា ពុំមានការដោះលែងលោកកឹម សុខា ដូចការលើកឡើងរបស់លោកសម រង្ស៊ី ដែលបានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា នឹងមានការដោះលែង ដោយសារមានសម្ពាធ ពីបរទេសនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា៖ “ហ៊ុន សែន គ្មានសិទ្ធិនឹងចុះហត្ថលេខាថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យអ្នកណាទាំងអស់ នៅពេលអ្នកណាក៏ដោយ ស្ថិតក្នុងក្របខ័ណ្ឌនៃពិរុទ្ធជន ឬសារដ៏ខ្លីមួយថាចាំសេះដុះស្នែងបានវាកើត”។
នៅចំពោះមុខកម្មកររាប់ពាន់នាក់ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា កុំជឿអ្នកដែលឃោសនាថា កម្មករនឹងអត់ការងារធ្វើ បើសហគមអន្តរជាតិដាក់សម្ពាធ ហើយទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេស និងប្រទេស មិនងាយនឹងកាត់ផ្តាច់នោះទេ។
សម្តេចតេជោ បានបន្តថា ម្យ៉ាងទៀត លោក កឹម សុខា មិនទាន់បានតុលាការកាត់ទោសនោះឡើយ ដូចនេះ សម្តេច ពុំមានសិទ្ធិ ដើម្បីទូលស្នើសុំព្រះរាជទាន លើកលែងទោសនោះទេ។
សម្តេចតេជោ បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាជនដែលពូកែភូតភរ បោកប្រាស់ចិញ្ចឹមឆ្នាំងមែនពោល គឺបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅប្រទេស តាំងពីពេលដែលលោកបានទៅ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅអឺរ៉ុបថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថានឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហ្អែងចាំមើលៗ ហើយអ្នកគាំទ្រអ្នកឯងចាំមើលទៅ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ ចាំមើលទៅ អាមេខ្លួនឯង បោកកូនខ្លួនឯងប៉ុណ្ណា។ លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោស ហើយសាលក្រមមិនទាន់ចូលស្ថាពរ នៅឡើយនោះទេ ដូច្នេះលោក កឹម សុខា គ្មានទោសឯណាត្រូវស្នើព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនោះទេ។ ទណ្ឌិត សម រង្ស៊ី ជាបិតាភូតកុហក”។ សម្តេចតេជោ ថ្លែងថា សម្តេចមិនចង់ឆ្លើយឆ្លង ជាមួយទណ្ឌិតរត់ចោលស្រុករូបនេះទេ តែបើមិនបញ្ជាក់ នឹងមានអ្នកចាញ់បោកការភូតកុហកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គេថាថ្ងៃទី២៩ ខែធ្នូនេះ នឹងមានការដោះលែងអ្នកទោស អានេះពិតជាចេះបោកគេហៅថា បោកចិញ្ចឹមឆ្នាំង ចាំមើលទៅអ្នកជឿ ចាំមើលទៅ។ សម រង្ស៊ី គាត់បង្ហោះក្នុងហ្វេសប៊ុក គាត់ថាថ្ងៃ២៩នេះ លោក ហ៊ុន សែន នឹងដោះលែង កឹម សុខា ដែលគាត់ហៅថា ធ្វើខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ ហើយនេះក្រោមសម្ពាធអន្ដរជាតិ។
សូមបញ្ជាក់ថា អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី កាលពីថ្ងៃទី៦ខែវិច្ឆិកា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា “លោក កឹម សុខា នឹងត្រូវបានដោះលែង នៅចុងឆ្នាំ ២០១៨ នេះ។ យើងបានទទួលបានព័ត៌មាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាសខួបទី ២០ នៃ “នយោបាយឈ្នះៗ” ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។ តាមការពិត ការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ លោក ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ពីបទ “ក្បត់ជាតិ” ដែលតុលាការអាយ៉ងរបស់គាត់ បានដាក់មកលើលោក កឹម សុខា។ សហគមន៍អន្តរជាតិ មិនជឿទាល់តែសោះ ចំពោះការចោទប្រកាន់លើគោកបែបនេះ។ ជាពិសេស សហគមន៍អន្តរជាតិលើកឡើងថា លោក ហ៊ុន សែន មិនអាចឲ្យតុលាការអាយ៉ងរបស់គាត់ កាត់ទោសលោក កឹម សុខា ពីបទ “ក្បត់ជាតិ” បានទេ បើតុលាការនោះមិនចោទប្រកាន់លោក សម រង្ស៊ី ផងដែរ ពីបទ “ក្បត់ជាតិ” ដូចគ្នា ពីព្រោះតាមលិខិតមួយច្បាប់របស់លោក សម រង្ស៊ី ខាងក្រោមនេះ អ្នកដែលមានទំនាក់ទំនងជាមួយអាមេរិកាំងច្រើនជាងគេ ញឹកញាប់ជាងគេ និងស៊ីជម្រៅជាងគេ ក្នុងគម្រោងនាំមកនូវការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ នៅកម្ពុជា — អ្វីដែលលោក ហ៊ុន សែន ហៅថា “បដិវត្តន៍ពណ៌” នោះ អ្នកទទួលខុសត្រូវខ្ពស់ជាងគេនោះ គឺលោក សម រង្ស៊ី តែម្តង ដែលមានឋានៈជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីគណបក្សនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២។
នៅពេលដែលលោក កឹម សុខា ធ្វើសុន្ទរកថា នៅប្រទេសអូស្ត្រាលី ក្នុងថ្ងៃ ៩ ធ្នូ ឆ្នាំ ២០១៣ សុន្ទរកថា ដែលលោក ហ៊ុន សែន យកមកសម្អាងថាជាភស្តុតាង នៃអំពើ “ក្បត់ជាតិ” របស់លោក កឹម សុខា នោះ លោក កឹម សុខា មានឋានៈជាអនុប្រធាន នៃគណបក្សសង្គ្រោះជាតិ តែលោក សម រង្ស៊ី មានឋានៈជាប្រធាន គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ បើមានអំពើ “ក្បត់ជាតិ” ណាមួយមែននោះ។ ដូច្នេះ លោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ ត្រូវតែរៀបចំកាត់ទោសលោក សម រង្ស៊ី មុនលោក កឹម សុខា ទៀត។ តែបើមិនអាចកាត់ទោសលោក សម រង្ស៊ី បានទេ ក៏មិនអាចកាត់ទោសលោក កឹម សុខាបានដែរ”។
សូមជម្រាបថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួន សម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឲ្យចេញក្រៅពីព្រំប្រទល់នៃដែនដី ដែលខណ្ឌដោយ ផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕ ដោយ ៖ បញ្ញាស័ក្តិ