ខេត្តកំពង់ស្ពឺ ៖ ឪពុកចុង ក្រោយជក់ ថ្នាំញៀន ចង់រួមភេទតែប្រពន្ធមិននៅផ្ទះ ហើយចាប់កូនស្រីរបស់ប្ដីដើមរំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្ដបន្ទាប់ចំនួន៤ដង និងគំរាមមិនឲ្យប្រាប់គេ ទើបបែកការដឹងដល់អ្នកជិតខាង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ។
មុនពេលកើតហេតុ ម្ដាយរបស់ក្មេងស្រីរងគ្រោះ បាន ទៅធ្វើការងារ នៅរាជធានីភ្នំពេញ ហើយបានទុកក្មេងស្រីរងគ្រោះឲ្យនៅមើលថែកូនតូច។ នៅពេលប្រពន្ធ មិននៅផ្ទះបែបនេះ ជនសង្ស័យជាឪពកចុង បានបបួលមិត្តភក្ដិមកជក់ថ្នាំញៀន នៅក្នុងផ្ទះរបស់ខ្លួន។ លុះពេលមិត្តភក្តិ ចាកចេញអស់ ឪពុកចុងឡើងកម្តៅតណ្ហាចង់រួមរ័ក តែប្រពន្ធមិននៅផ្ទះ ក៏ចាប់ កូនស្រីបង្កើតរបស់ប្រពន្ធខ្លួន រំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្ដបន្ទាប់ចំនួន៤ដង និងគំរាមមិនឲ្យប្រាប់ ម្ដាយរបស់នាង និងអ្នកជិតខាង។ ប៉ុន្តែក្មេងស្រីរងគ្រោះបាន យករឿងនេះ ទៅប្រាប់អ្នកជិតខាង ហើយពួកគាត់ បានឃាត់ខ្លួនឪពុកចុង ប្រគល់ឲ្យសមត្ថកិច្ច។
មន្ដ្រីនគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើអនីតិជន និងសេពថ្នាំញៀន ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ និល ពាវ អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯកុមារីរងគ្រោះឈ្មោះ ស ល អាយុ១១ឆ្នាំ។
មន្ដ្រីនគរបាលដដែល បានបន្ដថា បន្ទាប់ពីិនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុក ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលឃាត់ខ្លួន រូបគេ និងបក្ខពួក២នាក់ទៀត រួមមាន ទី១-ឈ្មោះ សុីម ភេទប្រុស អាយុ៣២ឆ្នាំ និងទី២-ឈ្មោះ ប៉ាហ៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានទិញថ្នាំញៀនយកមកជក់ នៅក្នុងផ្ទះរបស់ខ្លួន។ ក្រោយពេលជក់រួច មិត្តភក្ដិទាំងនោះ បានវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញអស់ រីឯរូបគេក៏ចាប់ផ្ដើមមានអារម្មណ៍ចង់់រួមភេទ តែប្រពន្ធមិននៅផ្ទះទៀត ទើបគេចាប់កូនស្រីរបស់ប្ដីដើមរំលោភ រហូតបានសម្រេច។
សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកឧដុង្គ កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕ ដោយ ៖ បញ្ញាស័ក្តិ