ភ្នំពេញ ៖ អ្នកសារព័ត៌មានម្នាក់ ជាជនរងគ្រោះរងរបួសបែកមាត់ហូរឈាម ក្រោយពីទាហានកងពលតូចថ្មើរជើងលេខ៧០ (ង៧០) វាយឱ្យរបួសធ្ងន់បានដាក់ពាក្យបណ្តឹងទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងក្រុមទាហានក្នុងអង្គភាពកងពលតូច ថ្មើរជើងលេខ៧០ (ង៧០) ដែលលោកចោទថា បានរួមដៃគ្នាប្រើហិង្សាវាយមកលើរូបលោក បណ្តាលឲ្យហូរឈាមតាមមាត់ ច្រមុះ និងសន្លប់ ក្រោយពីលោកបានថតសកម្មភាពក្រុមទាហាន នៅអង្គភាពនេះ វាយបុរសម្នាក់ដឹកប្រពន្ធមានផ្ទៃពោះ ក្នុងគ្រោះថ្នាក់ចរាចរមួយកាលពីយប់ថ្ងៃសៅរ៍ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ម៉ឹង វុទ្ធី ជាអ្នកសារព័ត៌មានបម្រើការនៅអង្គភាពគេហទំព័រ ស្ពានមាស បានឱ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌សម្រាប់លោកដែលជាជនរងគ្រោះក្នុងអំពើហិង្សា ដែលបង្កឡើងដោយក្រុមទាហាន ក្នុងអង្គភាពង៧០។ លោក ម៉ឹង វុទ្ធី ដែលជាអតីតទាហាននៅអង្គភាពកងពល១៩៦ ដែលជាជនពិការ បានបញ្ជាក់ថា “យើងរងគ្រោះដែល ត្រូវបានគេវាយបែកមុខមាត់។ យើងដាក់ពាក្យប្តឹង ដើម្បីស្វែងរកយុត្តិធម៌ ហើយយើងសង្ឃឹមថាកងរាជអាវុធហត្ថ រាជធានីភ្នំពេញនឹងជួយស្វែងរកយុត្តិធម៌ជូនយើង។
ជនរងគ្រោះដែលជាអ្នកសារព័ត៌មានខាងលើ បានឱ្យដឹងបន្ថែមថា មុនពេលកើតហេតុ លោកបានថតក្រុមនាយទាហាននៅក្នុងអង្គភាពកងពលតូចថ្មើរជើងលេខ៧០ (ង៧០) ដែលបានប្រើអំពើហិង្សាទៅលើបុរសម្នាក់ ដែលដឹកប្រពន្ធមានផ្ទៃពោះ បន្ទាប់ពីពួកគេបានជិះម៉ូតូបញ្ច្រាសហើយបានទៅបុកនឹងម៉ូតូរបស់គាត់ (ទាហាន) ដែលធ្វើឱ្យម៉ូតូ របស់បុរសនោះខូចខាត និងរងរបួស ប៉ុន្តែបែរជាក្រុមទាហាន ង៧០ បានស្តីបន្ទោស និងខឹងសម្បាជាមួយគាត់ (បុរសជាប្តីដឹកប្រពន្ធ) ហើយវាយទៅលើបុរសរូបនោះទៅវិញ។
លោក ម៉ឹង វុទ្ធី បានបន្តថា “ពេលដែលខ្ញុំឃើញហេតុការណ៍បែបនេះ ខ្ញុំក៏ចុះសួរ ហើយក៏ទាញម៉ាស៊ីនថតរូប ថតទាំងម៉ូតូដែលខូច និងម៉ូតូដែលជិះដោយទាហានកងពលតូចថ្មើរជើងលេខ៧០ (ង៧០) រួមនឹងសកម្មភាពជុំវិញ។ បន្ទាប់មកមានមនុស្សមួយចំនួនផ្សេងទៀតបានដើរចេញមកពីបន្ទាយវាយទៅលើប្តី ហើយគេចាប់ផ្តើមធ្វើសកម្មភាពវាយមកលើរូបខ្ញុំដើម្បីបំបិទមាត់”។
ជនរងគ្រោះបានបញ្ជាក់បន្ថែមថា នៅពេលដែលលោកបាននឹងកំពុងថតសកម្មភាពគ្រោះថ្នាក់ចរាចរនោះ ស្រាប់តែពួកទាហានកងពលតូចថ្មើរជើងលេខ៧០ មានគ្នាប្រមាណជា ២០នាក់ បាបនកញ្ឆក់យកទូរស័ព្ទរបស់លោក ដើម្បីយកទៅលុបវីដេអូ ដែលលោកបានថតពីសកម្មភាព របស់ពួកគេ ប៉ុន្តែលោកមិនព្រមឱ្យលុប ពួកគេបានស្ទុះមកវាយលើរូបលោក បណ្ដាលឱ្យដួលរងរបួសធ្ងន់ធ្ងរ ឈាមហូរតាមច្រមុះ និងមាត់ហៀកក្លាក់។
លោកបានបន្ថែមថា ” ខ្ញុំសូមគោរពឯកឧត្តមហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំបាទផង ហើយខ្ញុំជាជនរងគ្រោះ បែកមុខបែកមាត់ ដែលក្រុមទាហាននៅបន្ទាយង៧០ វាយធ្វើបាប និងសូមជួយរកទូរស័ព្ទរបស់ខ្ញុំមកវិញផង ដើម្បីឲ្យខ្ញុំបានទៅធ្វើការវិញ “។
ទាក់ទងករណីនេះ មិនអាចសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ (ង៧០) បានទេ។
មហាជននៅតែទទូចចង់បានការបំភ្លឺ ពីលោកមេបញ្ជាការថា តើហ្វូងមនុស្សនេះ ពិតជាទាហានរបស់អង្គភាព ង៧០ មែន ឬក៏គ្រាន់តែជនមកបន្លំទេ? ដែលធ្វើសកម្មភាពបង្កហិង្សា មកលើអ្នកសារព័ត៌មាន នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អង្គភាពង៧០ យ៉ាងដូច្នេះទៅវិញ? ហើយតើអ្នកណា ជាអ្នកទទួលខុសត្រូវ លើករណីវាយដំមនុស្ស ឲ្យរបួសធ្ងន់ធ្ងរបែបនេះ?៕ ដោយ ៖ រចនា