Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហ​មេធាវី​លោក កឹម សុខា បញ្ជាក់ថា ការដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា គឺជា​សិទ្ធិ​សម្រេច​របស់​តុលាការ

​ភ្នំពេញ ​៖ សហ​មេធាវី​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភា​រី លោក ចាន់ ចេង លោក ផែង ហេង និង​លោក ផាន់ ចន្ទ​សក្តិ ចេញ​សេចក្តីថ្លែងការណ៍​ថា ការដោះលែង ឬ​ការលើកលែង​បទចោទប្រកាន់ ដើម្បី​លោក កឹម សុខា មាន​សេរីភាព​វិញ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិតក្រោម​ល្បែងភ្នាល់​គ្នា​នេះ​ទេ​។​

​សហ​មេធាវី​លោក កឹម សុខា បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​ដ៏​ដោយ រឿង​ភ្នាល់​គ្នា​គឺជា​រឿង​បុគ្គល ប៉ុន្តែ​បើ​តុលាការ​សម្រេច​ដោះលែង លោក​កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ នោះ​មិន​មានន័យថា​សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ចាញ់​ការ​ភ្នាល់​នោះទេ ព្រោះនេះ​ជា​នីតិវិធី​ច្បាប់ ដែល​ត្រូវអនុវត្ត មិនមែន​សម្តេច​ហ៊ុន សែន ជា​អ្នក​ដោះលែង​ទេ ហើយក៏​គ្មាន​អ្នកចាញ់ និង​អ្នកឈ្នះ​ដែរ គឺ​ខ្មែរ​ជា​អ្នកឈ្នះ​ទាំងអស់គ្នា សហ​មេធាវី សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជារាស្ត្រ​ខ្មែរ រួមទាំង​អ្នកដឹកនាំ​ផង នឹងមិន​វាយតម្លៃ​លើ​ការ​ភ្នាល់​នេះ​ទេ ។​

​បន្ទាប់ពី​លោក សម រង្ស៊ី មេ​ចលនា​ស​ង្គោះ​ជាតិ បាន​យក​សេរីភាព​លោក កឹម សុខា មក​ធ្វើជា​កម្មវត្ថុ​ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ សហ​មេធាវី​លោក កឹម សុខា នៅ​ថ្ងៃទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ការដោះលែង​លោក កឹម សុខា ឬ​មិន​ដោះលែង គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ មិនមែន​ស្ថិតនៅក្រោម​ល្បែងភ្នាល់​គ្នា​នេះ​ទេ​។​

​សហ​មេធាវី​លោក កឹម សុខា បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ “​ការយក​សេរីភាព​បុគ្គល ជាពិសេស គឺ​ឯកឧត្តម កឹម សុខា ដែលជា​អ្នកនយោបាយ ផ្សារភ្ជាប់​ទៅនឹង​នយោបាយ​ជាតិ​មក​ភ្នាល់ គឺ​ធ្វើឱ្យ​ជាតិ​កាន់តែ​បែកបាក់​ធ្ងន់ធ្ងរ​ឈឺផ្សា​ថែមទៀត​។ ការដោះលែង ឬ​ការលើកលែង​បទចោទប្រកាន់ ដើម្បី​ឯកឧត្តម កឹម សុខា មាន​សេរីភាព​វិញ គឺជា​សមត្ថកិច្ច​របស់​តុលាការ មិន​ស្ថិតក្រោម​ល្បែងភ្នាល់​គ្នា​នេះ​ទេ​។

ទោះជា​យ៉ាងណាក៏ដោយ រឿង​ភ្នាល់​គ្នា​គឺជា​រឿង​បុគ្គល ប៉ុន្តែ​បើ​តុលាការ​សម្រេច ដោះលែង​ឯកឧត្តម កឹម សុខា ឲ្យ​មាន​សេរីភាព​វិញ នោះ​មិន​មានន័យថា សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ ហ៊ុន សែន ចាញ់​ការ​ភ្នាល់​នោះទេ ព្រោះនេះ​ជា​និ​តី​វិធី​ច្បាប់​ដែល​ត្រូវអនុវត្ត មិនមែន​សម្តេច ហ៊ុន សែន ជា​អ្នក​ដោះលែង​ទេ​”​។​

​ចំណែក​លោក សួន សេរី​រដ្ឋា បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គណនី Sourn Serey Ratha ថ្ងៃ​សៅរ៍ ថា “​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា សូម​កត់ត្រា​តាមដាន និង​ជួយ​ដឹងឮ​ទាំងអស់គ្នា ! ពេលនេះ​ជើង​ខ្លាំង ទាំងពីរ សម្រេចចិត្ត​លេងល្បែង​ភ្នាល់​គ្នា​ហើយ គឺ​ប្រើពេល​ចន្លោះ​ពីថ្ងៃ​ទី ២៩ ធ្នូ ២០១៨ ដល់​ថ្ងៃទី ៣ មីនា ២០១៩… ។​

​ពេលវេលា​នេះ​រង់ចាំ​វា​មិនយូ​ទេ ! ដូច្នោះ​សូម​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​ជា​ម្ចាស់​វាសនា​ជាតិ សូមកុំ​មើលរំលង ។​
​តាមដាន រាប់​ថ្ងៃ​ថយក្រោយ​ទាំងអស់គ្នា ចាំមើល​ជើង​ខ្លាំង​មួយណា​ចាញ់ ? ហើយ​អ្នកចាញ់​ហ៊ាន​ធ្វើជា​មនុស្ស ដែល​យកសំដី គោរព​ពាក្យសន្យា​ទេ ? សម្រាប់​ខ្ញុំ ល្បែងភ្នាល់​នេះ បើ​អ្នកណា​ចាញ់ហើយ​គោរ​ពាក្យសន្យា​ធ្វើតាម​សម្តី ដែល​ខ្លួន​ខ្ជាក់​តាម​សំណេរ នោះ​ទើ​បរាប់ថា​ជា “​មនុស្ស​” ។ ដូច្នោះ​មើលថា តើ​ជើង​ខ្លាំង​មួយណា​អាច​រក្សាបាន​ត​ម្លាំ​ភាពជា​មនុស្ស ? កត់ត្រា តាមដាន និង​ចាំ​វាយតម្លៃ​ទាំងអស់គ្នា​។ លោក សួន សេរី​រដ្ឋា បាន​លើកឡើងថា ឥឡូវ សម រង្ស៊ី យក​វាសនា កឹម សុខា មកលេង​ភ្នាល់​គ្នា ដើម្បី​បំបាក់ទឹកចិត្ត កឹម សុខា និង​បន្ទាប​គ្រួសារ កឹម សុខា ដោយ​ចាត់ទុក កឹម សុខា ជា​ឧបករណ៍​ល្បែង​នយោបាយ​របស់ខ្លួន​ដើម្បី​កម្សាន្ត​។ នេះ​គឺ​មិន​ខុសពី​ពេលដែល​សកម្មជន​សង្គ្រោះ​ជាតិ កំពុង​ជាប់គុក​ទេ ដែល​កាលណោះ សម រង្ស៊ី ក៏​យក​ការជាប់គុក​ច្រ​វ៉ា​ក់ របស់​សកម្មជន​ខ្លួន​មកលេង​សើច ដើម្បី​ចំណេញ​លុយ ក្នុង​ប្រមូល​លុយ​សម្រាប់​ទេសចរ​នយោបាយ​របស់ខ្លួន​ដែរ។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​មេធាវី​ការពារ លោក កឹម សុខា ៖“…​ការដោះលែង ឬ​ការលើកលែង​បទចោទប្រកាន់ ដើម្បី ឯកឧត្តម កឹម សុខា មាន​សេរីភាព​វិញ គឺជា​សមត្ថភាព​របស់​តុលាការ មិន​ស្ថិតក្រោម​ល្បែងភ្នាល់​គ្នា​នេះ​ទេ​។ ផ្ទុយទៅវិញ​ការ​ភ្នាល់​គ្នា​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ស៊ើបសួរ​….”​។​

​រីឯ​ផេ​ករ​បស់ លោក Kem Sokha បាន​បញ្ជាក់ថា “​គាត់​មិនមាន​សេរីភាព​មែន តែ​គាត់​មា​នស​ម្ប​ជ​ញ្ញ​: ដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី​មកលើ​រូបគាត់​និង​ប្រទេសជាតិ​”​។​

​ហើយ​លោក​ផេ​ក​របស់លោក Chantha Muth នាយខុទ្ទកាល័យ​លោក​កឹម សុខា បាន​លើកឡើងថា “​មនុស្ស​ម្នាក់ៗ​មាន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​! តើ​យុត្តិធម៌​ទេ ដែល​ជ្រើស​រើសយក លោក កឹម សុខា ជា​ល្បែងភ្នាល់​នយោបាយ​? អ្នកនយោបាយ​គួរតែ​ដឹង និង​យល់ច្បាស់​អំពី​គុណធម៌ នយោបាយ​។ ការកំណត់​មុខសញ្ញា មនុស្ស​ធ្វើជា​ល្បែងភ្នាល់​នយោបាយ ដើម្បី​គ្រាន់តែ​ជាការ​ចង់​ឈ្នះ​ចាញ់​គ្នា ជា​អំពើ​អគុណ​ធម៌​បំផុត សម្រាប់​មនុស្ស​ម្នាក់​។ គុណធម៌​នយោបាយ គឺជា​កត្តា​សំខាន់​សម្រាប់​អ្នកនយោបាយ​។​

​សូមបញ្ជាក់ថា លោក សម រង្ស៊ី បាន​បបួល​សម្តេច​តេ​ជោ ភ្នាល់​គ្នា​លើ​ករណី​ការដោះលែង​លោក កឹម សុខា​។ ជាការ​ឆ្លើយតប​នៃ​ការ​ភ្នាល់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា នឹង​ភ្នាល់​តាម​ការ​បបួល​រប​ស់លោក សម រង្ស៊ី ហើយ​សម្តេច​តេ​ជោ បាន​កំណត់ថា ប្រសិន សម រង្ស៊ី ចាញ់​ត្រូវ​ចូល​ឲ្យ​ចាប់​ខ្លួ​ន​ភ្លាមៗ​តែម្តង បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា “​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​”​។​

​ក្នុង​ផេ​ក​របស់លោក​សម រង្ស៊ី (Sam Rainsy) បាន​សរសេរ​៩ វិច្ឆិកា ២០១៨​ថា “​តើ​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ​?

​កាលពី​ថ្ងៃ​៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បាន​អះអាងថា គាត់​មិន​ងាយ​ដោះលែង​លោក កឹម សុខា ទេ ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង​។ ខ្ញុំ​នៅតែ​ជឿជាក់ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។ អាច​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ​៣ មីនា ២០១៩​។​

​បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ ក្នុងការ​ភ្នាល់​នេះ គាត់​មិនចាំបាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការកាប់​ព្រៃឈើ នោះទេ​។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះ​ចេញពី​តំណែង បាន​ហើយ​។ តែបើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូចជា​រដ្ឋប្រហារ​) ក្រៅពី​ចំណុច​ដែល​បានលើកឡើង​ខាងលើនេះ​”៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×