Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រុមហ៊ុនស្រា​បៀ​អង្គរ បុក​ម៉ូតូ ស្លាប់​បុរស​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់​

​កណ្ដាល ៖ រថយន្ដ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ស្រា​បៀ​អង្គរ បើក​ដោយ​ល្បឿន​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញ​មួយ​ទំហឹង ធ្វើឲ្យ​ម៉ូតូ និង​អ្នកបើកបរ​ម៉ូតូ​គៀប​ជាប់ ជាមួយ​រថយន្ដ អូស​ជាច្រើន​ម៉ែត្រ បណ្ដាលឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ហ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ កើតឡើង កាលពី​វេលា​ម៉ោង​២៣​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ផ្សារ​ថ្នល់ទទឹង ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២ ស្ថិតក្នុង​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត ពុំ​ទាន់​ស្គាល់​អត្ដ​សញ្ញាណ អាយុ​ប្រហែល​២៤​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គីនិច ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0582 និង​អ្នករួមដំណើរ​ម្នាក់ទៀត រងរបួស​ធ្ងន់​ពុំទាន់​ស្គាល់​អត្ដ​សញ្ញាណ អាយុ​ប្រហែល​២៥​ឆ្នាំ ។ ចំណែក​រថយន្ដ​ម៉ាក​FUSO បិត​ស្លាក​ស្រា​បៀ​អង្គរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តាកែវ 3A-1542 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ស្រមោល ។​

ប្រភព​ដដែល​បន្ដថា នៅ​មុនពេល​កើតហេតុ សាក្សី​បាន​ឃើញ​រថយន្ដ​ម៉ាក​FUSO របស់​ក្រុមហ៊ុន​ស្រា​បៀ​អង្គរ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ត្រង់​ចំណុច​ផ្សារ​ថ្នល់ទទឹង បាន​បត់​ឆ្លងផ្លូវ​ចូល​ទៅ​លេខ​៥១ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គីនិច ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ រួម​ទាំង​ជនរងគ្រោះ​ទាំង​២​នាក់ គៀប​ជាប់​ជាមួយ​រថយន្ដ​អូស​ជាច្រើន​ម៉ែត្រ ធ្វើឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ដ​សាមុយ ដឹកបញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ រីឯ​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ក្រុមគ្រួសារ​ជនរងគ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើការ​វាស់វែង កសាង​សំណុំរឿង បញ្ជូន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×