ព្រះសីហនុ៖ សាធារណៈជន និងមន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គម កំពុងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ របស់មន្ត្រីជំនាញស្ថាប័នពា់ព័ន្ធរួមមាន៖ មន្ត្រីគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងសាលាដំបូងខេត្តព្រះសីហនុជាដើម ថាតើអាចឈានទៅចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធបទល្មើសនាំចូលភ្លុកដំរី ពីក្រៅប្រទេសចូលមកកម្ពុជាតាមច្រកកំពង់ផែនេះ អាចឈានទៅបញ្ជូនសំណុំរឿងនេះ ទៅកាន់តុលាការបើកការស៊ើបអង្កេត ឬផ្តន្ទាទោស ជនសង្ស័យ មានប្រសិទ្ធភាពត្រឹមកំរិតណា?
ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពី កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីគយ និងរដ្ឋាករប្រចាំកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សហការជាមួយមន្ត្រីជំនាញច្រើនស្ថាប័នទៀត រួមមាន៖ ព្រះរាជអាជ្ញារង មន្ត្រីជំនាញកំពង់ផែ មន្ត្រីនគរបាលសេដ្ឋកិច្ច មន្ត្រីទីភ្នាក់ងារស៊ើបអង្កេត របស់ស្ថានទូតសហរដ្ឋអាមេរិក បានសហការគ្នាកាត់សៀលកុងតឺន័រ ចំនួន ៣ទូរ ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញភ្លុកដំរីបង្កប់ក្នុងឈើអារ សរុបមានចំនួន ២៧៩ដុំ ឬស្មើ ៩៤១.៤១គីឡូក្រាម។
មន្ត្រីគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា ការពិនិត្យឆែកឆេរកុងតឺន័រចំនួន ៣ទូរ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ទៅលើកុងតឺន័រដែលសង្ស័យ មានលេខ៖ MSCU3214532; CLHU2983749; MEDU 233 33 85 របស់ ក្រុម ហ៊ុន Cam Transit Import Co., Ltd ដែលនាំចូលមកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៦ ដែលបានប្រកាសនៅក្នុង Manifest គឺជាឈើចំនួន 29pkgs ទម្ងន់ស្មើនឹង 55, 213 kgs គឺធ្វើឡើងផ្អែកតាមលទ្ធផលរូបភាពផ្ដល់ដោយម៉ាស៊ីនស្កែន ដែលមានមន្ទិលសង្ស័យ និងអនុវត្តតាមអនុលោមនីតិវិធីច្បាប់ស្ដីពីគយ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ និងប្រកាសលេខ ១០៩ សហវ.ប្រក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មន្ត្រីគយ និងរដ្ឋាករដដែល បន្ថែមថា ការឆែកឆេរនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទំនិញមិនបានចូលខ្លួន មកបំពេញបែបបទយកទំនិញតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងលេខ ០៩ ៣៨/១៧ អគរ/ស.កស ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ របស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុ។
ការឆែកឆេរ បានចាប់ផ្តើមនៅវេលាម៉ោង ០៩ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដោយមានវត្តមាន ព្រះរាជអាជ្ញារង មន្ត្រីកំពង់ផែ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល តំណាងភ្នាក់ងារស៊ើប អង្កេត របស់ស្ថានទូតសហរដ្ឋអាមេរិក និងមន្ត្រីគយ និងរដ្ឋាករ នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ បានចូលរួមពិនិត្យ និងកាត់សៀលកុងតឺន័ចំនួន ៣ទូរ ដើម្បីត្រួតពិនិត្យ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖ ទូរទី១ : MSCU3214532 បានរកឃើញ ដុំឈើចំនួន ៦៨២ដើម ទម្ងន់សរុប ១២,១៧៤គីឡូក្រាម ស្មើនឹង ១៧ម៉ែត្រគូប ។ ក្នុងនោះដុំឈើសង្ស័យមានចំនួន ១០ដើម ដែលបង្កប់ភ្លុកដំរីចំនួន ១៣២ដុំ ស្មើនឹង ៤៥៤.៥១គីឡូក្រាម។ ទូរទី២ : CLHU 29 83 749 បានរកឃើញ ដុំឈើចំនួន៦០៥ដើម មានទម្ងន់សរុប ២០,០១០គីឡូក្រាម ស្មើនឹង ១៩ ម៉ែត្រគូប និងទូរទី៣ : MEDU2333385 បានរកឃើញ ដុំឈើចំនួន ៦៧៧ដើម ទម្ងន់សរុប ១៧,៣ ៨០ គីឡូក្រាម ស្មើនឹង ១៨ម៉ែត្រគូប។ ក្នុងនោះដុំឈើសង្ស័យមានចំនួន ១២ដើម ដែលបង្កប់ភ្លុក ដំរី ចំនួន ១៤៧ដុំ ស្មើនឹង ៤៨៦.៩០គីឡូក្រាម។
មន្ត្រីគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បញ្ជាក់ថា ភ្លុកដំរី ដែលបានរកឃើញ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ សរុបមានចំនួន ២៧៩ដុំ ស្មើ នឹង ៩៤១.៤១គីឡូក្រាម ហើយការត្រួតពិនិត្យនេះ បានបញ្ចប់នៅម៉ោង ៧ និង៣០ នាទី ល្ងាចថ្ងៃខែឆ្នាំដដែល ដោយបានវេចខ្ចប់ភ្លុកដំរី ដែលជាវត្ថុតាងដាក់ក្នុងទូរកុងតឺន័រ លេខ MS CU3214532 (20’) រួចយកទៅដាក់ នៅកន្លែងមានសុវត្ថិភាព ដើម្បីរង់ចាំមន្ត្រីស្ថាប័នជំនាញ បន្តអនុវត្តនីតិវិធី នាថ្ងៃខាងមុខទៀត។
ទាក់ទិនករណីនេះដែរ មន្ត្រីគយ និងរដ្ឋាករប្រចាំកំពងផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ប្រចាំខេត្តព្រះសីហនុ ដឹងថា ករណីជួញដូភ្លុកដំរី ដែលឈ្មួញបាននាំចូលពីក្រៅប្រទេសចូលមកកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនេះ គឺមន្ត្រីគយ និងរដ្ឋាករកំពង់ផែនេះ បានសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ចាប់បានបទល្មើសនេះជាលើកទី៣ហើយ។
ទោះយ៉ាងណាសាធារណៈជន បានកត់សម្គាល់ថា មន្ត្រីជំនាញចាប់បានតែភ្លុកដំរីទេ រីឯកម្ចាស់ទំនិញ ឬម្ចាស់ក្រុមហ៊ុន ដែលនាំចូលទំនិញល្មើសច្បាប់ទាំងនេះ គឺសមត្ថកិច្ចមិនទាន់បានចាប់ខ្លួនបាន ដើម្បីបញ្ជូនសំណុំរឿងទៅកាន់តុលាការផ្តន្ទាទោសនៅឡើយទេ។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានអះអាងថា នឹងរង់ចាំមើលចំណាត់ការតាមផ្លូវច្បាប់ទៅលើករណីបទល្មើសនាំចូលភ្លុកដំរី ពីក្រៅប្រទេសចូលមកកម្ពុជា ដោយឆ្លងកាត់តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ថាមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ អាចអនុវត្តច្បាប់មានប្រសិទ្ធភាពត្រឹមកំរិតណា ឬអាចឈានដល់នាំខ្លួនជនសង្ស័យ ឬម្ចាស់ក្រុមហ៊ុន ដែលនាំចូលភ្លុកដំរីទាំងនោះ បញ្ជូនទៅកាន់តុលាការផ្តន្ទាទោសដែរឬយ៉ាងណា?៕ ដោយ ៖ ដែន សីមា