តាកែវ ៖ កម្មកររោងចក្រដែលដួលសន្លប់ព្រឹកមិញនៅស្រុកបាទី កើនឡើងដល់ ១៨៦នាក់ហើយ ។ ក្នុងពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ១៦៦នាក់ និងនៅមណ្ឌលសុខភាព ពុធសរ ២០នាក់ទៀត។ ក្នុងនោះធ្ងន់ធ្ងរ ៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
សូមបញ្ជាក់ផងដែរថា ករណីដួលសន្លប់នេះគឺកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃ ០៦ ធ្នូ ២០១៧ នេះ នៅក្នុងរោងចក្រឈ្មោះ ដេឌី តូយូស៊ីម៉ា ឋិតនៅឃុំពុធសរ ស្រុកបាទី ខេត្តតាកែវ ដោយមានកម្មករដួលសន្លប់ជិត ២០០នាក់ ។ បន្ទប់ពីទទួលបានពត័មានថា មានកម្មកររោងចក្រនៅស្រុកបាទីដួលសន្លប់ជាច្រើននាក់នោះ ឯកឧត្តមឡាយ វណ្ណៈ អភិបាលខេត្តតាកែវរួមជាលោកជំទាវ នូ សុវណ្ណី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះមកសួរសុខទុក្ខដល់កម្មកររោងចក្រដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យបង្អែស្រុកបាទី ដោយបាននាំយកនៅទឹកដោះគោឆៅ និងថវិការ មួយចំនួន មកចែកជូនដល់ពួកគាត់ផងដែរ ។
ចំពោះមូលហេតុដែលបង្កអោយកម្មកររោងចក្រមានការដួលសន្លប់នោះ ខណៈនេះសមត្ថកិច្ចជំនាញបានកំពុងចូលពិនិត្យមើល ក៏ប៉ុន្តែនៅមិនទាន់ដឹងថាក្លិននោះចេញមកពីប្រភពអ្វីឡើយ។ តែបើតាមសម្តីរបស់កម្មកររោងចក្រដែលដួលសន្លប់នោះស្ត្រីកម្មការនីរោងចក្រឈ្មោះ ចាន់ សាវុធ បាននិយាយថា មុនពេលដែលមានកម្មករដួលសន្លប់ គឺមានក្លិនមិនល្អបានជះចូលមកក្នុងអាគារមិនបានប៉ុន្មាននាទីផងពួកគាត់ក៏បាននាំគ្នារត់ចេញពីគារកាត់ដេរមកខាងក្រៅ ហើយក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ ។
បើតាមការអោយដឹងពីលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានអោយដឹងថា ចំពោះករណីដួលសន្លប់កម្មកររោងចក្រនេះ ក្រុមការងាររួមជាមួយមន្ទីរការងារខេត្ត និងតំណាងម្ចាស់រោងចក្របានជួបពិភាក្សាគ្នា ដោយមន្ទីរជំនាញ និងសមត្ថកិច្ច តម្រូវអោយភាគីម្ចាស់រោងចក្រ ត្រូវជួសជុលនៅប្រព័ន្ធបើតខ្យល់ចេញ និងប្រព័ន្ធផ្សេងៗទៀត អោយហើយអស់សិន ទើបអនុញ្ញាតអោយកម្មករចូលមកធ្វើការវិញ ។ ព្រោះថាកន្លងមករោងចក្រមួយក្នុងខេត្តធ្លប់ជួបនៅហេតុការដួលសន្លប់នេះម្តងរួចហើយ ដោយមានកម្មករជាច្រើននាក់បាន់ដួលសន្លប់ ហើយម្ចាស់រោងចក្រ គាត់មិនបានធ្វើការសម្អាត និងជួលជុលនោះទេ ដោយអោយកម្មករធ្វើការបន្តនៅថ្ងៃស្អែកបន្ត ក៏កើតមានករណីដួលសន្លប់ជាលើកទីពីរទៀត ក្នុងរយៈពេលពីរថ្ងៃ ដែលនេះជាមូលហេតុដែលមន្ត្រីជំនាញ និងសមត្ថកិច្ច ត្រូវបានកំណត់អោយ ម្ចាស់រោងចក្រសម្អាត និងជួសជុលប្រព្ធន័ដែលធ្វើកើតមានជាបញ្ហាទាំងនោះអោយរួចរួលសិនទើបអោយកម្មកររោងចក្រចូលមកធ្វើការងារបន្តវិញ។
នៅល្ងាចថ្ងៃដដែលនេះដែរ កម្មកររោងចក្រទាំងនោះបានវិលត្រឡប់ទៅផ្ទះវិញអស់ជាច្រើននាក់ហើយបន្ទាប់ពីបានព្យាបាល និងមានអាការធូស្រាលជាងមុន៕ តាកែវ