ខេត្តព្រះសីហនុ ៖ តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង មានទីតាំងនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៥ វិច្ឆិការ ២០១៨នេះ។
ពិធីបើកការដ្ឋាននេះ ក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម – ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក ជា វុទ្ធីអគ្គលេខាធិការរងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង អភិបាលក្រុមហ៊ុន ព្រមទាំងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ មូយចំនួនទៀត។
តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង បង្កើតឡើងដោយ ក្រុមហ៊ុនខេមបូឌា ចេ ជាង ហ្គ៍រ ជី អេសអ៊ីហ្សេត បានសាងសង់លើផ្ទៃដីចំនួន ១៣៣ហិកតា និងមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលទើបបើកការដ្ឋានសាងសង់នេះ មានចម្ងាយពីប្រជុំជនផ្សារវាលរេញជាង ៥គីឡូម៉ែត្រ និងមានចម្ងាយពីទីរួមខេត្តព្រះសីហនុប្រមាណ ៥៣គីឡូម៉ែត្រ។
តំបន់សេដ្ឋកិច្ចពិសេស ដែលទើបបើកការដ្ឋានសង់ថ្មីនេះ គឺជាតំបន់សេដ្ឋកិច្ចពិសេសទី២ បន្ទាប់ពីតំបន់សេដ្ឋពិសេសបិតត្រាំង ក្នុងស្រុកព្រៃនប់ ដែលកំពុងដំណើរការយ៉ាងរលូន ហើយមានកម្មកររាប់ម៉ឺននាក់កំពុងបំរើការនៅទីនោះ។
អភិបាលក្រុមហ៊ុនខេមបូឌា ចេ ជាង ហ្គ៍រ ជី អេសអ៊ីហ្សេត បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចថ្មីនេះ អាចស្រូបយកកម្មករប្រមាណ១ម៉ឺននាក់៕ ដោយ៖ ដែន សីមា