Tuesday, December 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន​៣ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨៤.៦៧​លាន​អឺរ៉ូ​

​ភ្នំពេញ ​៖ លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Rémi GENEVEY ប្រធាន​នាយកដ្ឋាន អឺរ៉ុប​ខាងកើត​, មជ្ឈឹម​បូព៌ា និង​អាស៊ី នៃ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន ០៣ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៨៤,៦៧ លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៩៦,៤​លាន​ដុល្លារ​អាមេរិក​, នា​រសៀល​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា បានឲ្យដឹងថា កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហប្រតិ បត្តិការ​សម្រាប់​គម្រោង និង​កម្មវិធី​ទាំង​៣​នោះ​រួមមាន​៖

១. ឥណទាន​សម្បទាន​ចំនួន​៥៥​លាន​អឺរ៉ូ សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិកម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី​១ ៖

​កម្មវិធី​នេះ​មាន​ទិសដៅ​អនុវត្ត​បន្ត ពី​គម្រោង​ដែល​ផ្តល់​ឥណទាន​លើកដំបូង​របស់ AFD ដែល​មាន​ទិសដៅ ក្នុង​ការ​បន្ត​ពង្រីក​ការងារ​ស្តារ​ព្រែក និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​, ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ រំដោះ​ទឹក នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៥​ដែល​រួមមាន​៖ ខេត្ត​កណ្តាល​, បាត់ដំបង​,​ព្រះវិហារ​,​សៀមរាប និង​ខេត្ត​កំពង់ធំ ដែល​មាន​លទ្ធភាព​អាច​ស្រោចស្រព លើ​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ​ជាង ២០.០០០ ហិកតា ។​

​ជាមួយគ្នានេះ​, សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (EU/Asian Investment Facility “AIF”) ក៏​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​១១,៥​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​សហ​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នេះ​ផង​ដែរ ។ កម្មវិធី​នេះ​នឹង​ជួយ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ធនធាន ទឹក និង​ឧតុនិយម​ឆ្នាំ ២០១៨-២០២៣​។​

២. ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៥​លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល ប្រកបដោយ​ចីរភាព និង​បរិយា​ប័ន្ន (​ផ្នែក​វារីវប្បកម្ម​) ៖

កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ​២៥​លាន​អឺរ៉ូ ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង របស់ EU ក្នុង​គោលដៅ​គាំទ្រ​កំណើន​ប្រកបដោយ​និរន្តរភាព​, ភាព​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិយាប័​ន្ន​នៃ​វិស័យ​ជលផល​នៅ​កម្ពុជា ដែល​នឹង​រួម ចំណែក​យ៉ាង​សំខាន់​ដល់​ការធានា​សន្តិសុខ​ស្បៀង និង​ការ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វារីវប្បកម្ម​ជាតិ និង​ក្របខណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ ២០១០-២០១៩ ។

៣. ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៤,៦៧​លាន​អឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត​ ៖

គម្រោង​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ​១១០,៨​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ការ​ពី ADB ចំនួន​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​, ឥណទាន​សម្បទាន​ពី AFD ចំនួន​៤០​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ​៤៥,៥ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៤,៦៧​លាន​អឺរ៉ូ ត្រូវជា​ប្រមាណ ៥,៣១​លាន​ដុល្លារ​អាមេរិក​, ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​ជប៉ុន សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា (JFJCM) ចំនួន ១០​លាន​ដុល្លារ​អាមេរិក ។​

​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ឆ្នាំ ២០១១-២០២៥ សំដៅ​បង្កើន​ការផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទីប្រជុំជន និង​ក្រុង​នៅក្នុង​ខេត្ត​បាត់ដំបង​, កំពង់ចាម​, ព្រះសីហនុ និង​ខេត្ត​សៀមរាប ។​

​គួររំលឹកថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង ដែល​គិត​ចាប់ពី​ឆ្នាំ ១៩៩៣ រហូតមកដល់​បច្ចុប្បន្ន​, រាប់​ទាំង​កិច្ចព្រមព្រៀង​ទាំង​៣​នេះ​ផង​, រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​តាមរយៈ AFD បានផ្ដល់​ហិរញ្ញប្បទាន​សរុប​ដល់​កម្ពុ​ជា​ប្រមាណ​ជាង​៥៥៤​លាន​អឺរ៉ូ ។​

​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ AFD និង​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ដែល​រួម​មាន​សហគមន៍​អឺរ៉ុប (EU) ផ្ទាល់ និង​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (AIF) ដែល​បាន​ផ្តល់​ការជឿ​ទុកចិត្ត និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការអនុម័ត​ផ្តល់​ហិរញ្ញប្បទាន សហប្រតិបត្តិការ​សម្រាប់​គម្រោង​ខាងលើ ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា សំដៅ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកប ដោយ​សមធម៌​ដល់​គ្រប់​ស្រទាប់វណ្ណៈ​នៃ​ប្រជាជន តាមរយៈ​ការបន្ត​ធានា​សម្រេច​ឱ្យបាន​នូវ​ចីរភាព នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

×