បច្ចុប្បន្ននេះ ឃើញថាសកម្មភាពជួយឧបត្ថម្ភ ពីសំណាក់បណ្តាសប្បុរសជនចិត្តៗធម៌ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានកំពុងធ្វើឲ្យជនទីទាល់ក្រលំបាកវេទនារកទីបំផុតគ្មាន ទទួលបាននូវភាពកក់ក្តៅគួរឲ្យសរសើរយ៉ាងខ្លាំង តាមរយៈការចែករំលែកព័ត៌មានអំពីទុក្ខដ៏លំបាកទាំងនោះរបស់ពួកគាត់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

តួយ៉ាង ដូចជាប្អូនប្រុសឈ្មោះ វន់ វណ្ណា អាយុ ២៤ ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលប្អូនពិការដៃទាំងពីរដោយសារឆក់ខ្សែភ្លើង ខណៈធ្វើជាកម្មករផ្សារដែក ពេលនេះ ប្អូនទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនយើងខ្លះៗហើយ ។ ដោយថ្មីៗនេះ បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Vin Ly Pich TeLa កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះឲ្យបងប្អូនបានដឹងថា គាត់ផ្ញើលុយជូនប្អូនប្រុស វន់ វណ្ណា នូវទឹកប្រាក់ចំនួន ៤០ ម៉ឺនរៀល រួចហើយ តាមរយៈសេវាវីង ។
តាមរយៈទឹកចិត្តដ៏សប្បុរសធម៌នេះ ពីបងប្រុសខាងលើ ក៏ដូចជាសប្បុរសជនដទៃទៀតមុនៗនេះ យើងខ្ញុំក៏សូមអំពាវនាវដល់បងប្អូនសប្បុរសជនដទៃទៀត មេត្តាបន្តជួយចែករំលែកទោះតិចក្តី ច្រើនក្តី ដល់ប្អូនប្រុសបានរំដោះទុក្ខដ៏មហាលំបាកផង ព្រោះថាប្អូនប្រុសពិតជាមានការលំបាកវេទនាខ្លាំងណាស់ ក្នុងការរកអាហារមកផ្គត់ផ្គង់សម្រាប់ខ្លួនឯង និងលោកតាដែលចាស់ជរាទៅហើយ ៕ ដោយ៖ ចន្ទី


