Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ច្បាស់ថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេសជាតិមួយដែលខ្លាំងក្នុងវិស័យការពារជាតិ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីព័ត៌មានសំខាន់ៗដូចតទៅ៖

ទី១៖ ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ ដោយព្រះរាជក្រម ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។ យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ច្បាស់ថា៖ «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេសជាតិមួយដែលខ្លាំងក្នុងវិស័យការពារជាតិ គឺដោយសារមានកងទ័ពដែលពោពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌ ហើយមានប្រជាជនទាំងមូលនៅពីក្រោយ»។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុត ដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធា។

សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការប្រែក្លាយស្មារតីស្នេហាជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈជាស្រេចដើម្បីជួយប្រទេសជាតិ នៅពេលដែលជាតិត្រូវការ។

ទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីលើកលែងទោសដល់លោក កឹម សុខា តាមសំណើររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទូលថ្វាយព្រះមហាក្សត្រ។ យោងព្រះរាជក្រឹត្យ៖ មាត្រា១៖ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៧៩០ ក្រ XI អ.ណ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ មាត្រា២៖ ការលើកលែងទោសនេះអនុវត្តតែចំពោះទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ មាត្រា៣៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការលើកលែងទោសឱ្យលោក កឹម សុខា ថាជាជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាមរយៈសិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញដោយការសណ្តោសប្រោសប្រណី។

ជាក់ស្តែង ការបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជិត៣ទសវត្សរ៍ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញ និងការផ្សះផ្សារបង្រួបបង្រួមជាតិដ៏ពិតប្រាកដមួយកាលពីចុងឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យខ្មែរគ្រប់និន្នាការ អាចរួមរស់ជាមួយគ្នាក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការឯកភាពទឹកដីតែមួយ ក្រោមម្លប់អង្គព្រះមហាក្សត្រ ដែលមិនធ្លាប់មានរយៈពេលជាង ៥០០ឆ្នាំចុងក្រោយ បានបង្ហាញច្បាស់ពីសិល្បៈនៃការដឹកនាំដ៏ប៉ិនប្រសប់ និងគុណធម៌កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

គុណធម៌ដ៏ប្រពៃនេះត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ ដែលធ្វើឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ទទួលបានការគោរពស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល និងនៅតែជាជម្រើសមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងពេលអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×