កំពង់ស្ពឺ ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អនុវត្តច្បាប់ចរាចរណ៍ឃាត់រថយន្ដដឹកទំនិញសំពីង សំពោង លើសទម្ងន់កំណត់ធ្វើការផាកពិន័យនិងឲ្យម្ចាស់ក្រុមហ៊ុនត្រូវតែរើទំនិញដាក់រថយន្ដមួយផ្សេងទៀត មុននឹងអនុញ្ញាតឲ្យបន្ដដំណើរទៅមុខទៀត នាព្រឹកថៃ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រីតាប់ លន ស្នងការរងខេត្ត ឲ្យដឹងថា ករណីរថយន្ដដឹកទំនិញសំពីងសំពោង លើសទម្ងន់កំណត់គឺខាងលោកមិនបណ្ដែតបណ្ដោយនោះទេ ជាក់ស្ដែងការអនុវត្តគឺមានសកម្មភាពរាល់ថៃ្ង តែការលួចឆ្លៀតរបស់ក្រុមម្ចាស់អាជីវកម្មរថយន្តដឹកទំនិញ តែងតែឆ្នក់លួចនៅដឹកថៃ្ងសម្រាកដូចជា ថ្ងៃសៅរ៍-អាទិត្យ ឬពេលយប់ យោងតាមបទបញ្ជាលោកឧត្ដម សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត គឺឲ្យកម្លាំងនគរបាលចរាចរណ៍ ដាច់ខាតត្រូវតែរឹតបន្ដឹងច្បាប់ពិសេសអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើយ៉ាងឲ្យការកាត់បន្ថយបទល្មើសចរាចរណ៍ មកនៅកំណត់ទាបជាអប្បបរមា ទន្ទឹមនឹងនោះក៏ សូមអំពាវនាវដល់ម្ចាស់អាជីវកម្ម យានយន្តគ្រប់ប្រភេទដែលកំពុងតែប្រកបមុខរបរ ជាលក្ខណៈក្រុមហ៊ុនដឹកជញ្ជូន ឯកជនក្ដី មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នា ការដឹកដី ថ្មទំនិញត្រូវគោរពតាមការណែនាំ និងគិតអំពីសុវត្ថិភាពអ្នកដំណើររួមផ្លូវជាមួយ ត្រូវគ្របតង់ ជៀសវាងធ្លាក់កម្ទេច ដី ថ្ម រាយបាយតាមផ្លូវនិងបញ្ឈប់ការដឹកទំនិញសំពីងសំពោងលើសទម្ងន់នាំឲ្យផ្លូវឆាប់ខូច៕ ដោយ ៖ រចនា