ខេត្តព្រះសីហនុ ៖ តើនៅអនាគតក្រុងព្រះសីហនុពិតជាខ្វះខាតអាគារសម្រាប់ទទួលភ្ញៀវរៀបចំមង្គលការមែនឬយ៉ាងណា..?
ត្រង់ចំណុចនេះ មានមតិលើកឡើងពីអ្នកមានកូនចៅ ត្រៀមរៀបមង្គលការ ដោយការព្រួយបារម្ភថា បន្ទាប់ពីមានការវិនិយោគយ៉ាងគំហុកមកពីក្រៅប្រទេស ជាពិសេសពីប្រទេសចិន ដូចជាការសាងសង់អាគារពាណិជ្ជកម្មទំនើបៗ កាន់តែកើនឡើង។
បញ្ហាប្រឈមខ្វះអាគាររៀបចំជប់លៀងមង្គលការអាច នឹងកើតមាននៅក្រុងព្រះសីហនុ ស្របពេល ដែលបច្ចុប្បន្ននេះ ទីតាំងអាគារអាជីវកម្មសម្រាប់ជប់លៀងមង្គលការភាគច្រើន ត្រូវបានជួលឬក៏ប្តូរទៅជាអាគារពាណិជ្ជកម្ម ឬអាជីវកម្មផ្សេងៗទៀត ដែលម្ចាស់ទីតាំងគិតថា អាចទទួលបានប្រាក់កម្រៃច្រើនជាងការទុកគ្រាន់តែជួល ក្នុងរដូវរៀបមង្គលការម្តងៗ។
ទស្សនៈនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ឋ លើកឡើងថា នៅចំពោះមុខអាចនឹងមានបញ្ហាខ្វះអាគាររៀបចំទទួលភ្ញៀវមង្គលការពិតមែន ប៉ុន្តែនៅពេលបន្ទាប់អាគារបែបនេះ អាចនឹងមានឡើងវិញខ្លះដែរ ប៉ុន្តែគ្រាន់តែអាចឆ្ងាយពីទីតាំងបច្ចុប្បន្ន ឬអាចមាននៅជាយក្រុង។
ត្រង់ចំណុចនេះ អ្នកសេដ្ឋកិច្ចដ៏ដែលពន្យល់ថា ជាធម្មតាមិនមានច្បាប់ណាមួយហាមឃាត់ឬក៏តម្រូវឱ្យប្រជាពលរដ្ឋ ដាច់ខាតត្រូវតែប្រកបមុខរបរអ្វីមួយនោះទេ។ ហេតុនេះ ការធ្វើអាជីវកម្មលក្ខណៈឯកជន គឺជាសិទ្ធិសម្រេច របស់ពលរដ្ឋ ដែលជាម្ចាស់អាជីវកម្មនីមួយៗ ដែលក្នុងនោះក្រៅពីទីតាំងទទួលភ្ញៀវមង្គលការ ឬអាជីវកម្មផ្សេងទៀត ក៏ដូចគ្នាដែរ ដូចជាអាជីវកម្មផ្ទះជួល និងអាហារដ្ឋានជាដើម ដូចឃើញស្រាប់ហើយ នៅក្នុងទីប្រជុំជនក្រុង ឬកណ្តាលក្រុងព្រះសីហនុបច្ចុប្បន្ន គឺបាត់បង់ជាបណ្តើរៗ ហើយទីតាំងទាំងនេះ មួយចំនួន ក៏បានប្តូរទៅកាន់ទីតាំងថ្មី នៅឯជាយក្រុងជំនួសវិញ។
យ៉ាងនេះក្តី តាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ជាធម្មតានៅពេលទីក្រុងកំពុងអភិវឌ្ឍន៍សាង សង់ នូវហេដ្ឋារចនាសម្ពន្ធ័នានា គឺបញ្ហាប្រឈម ឬផលប៉ះពាល់ខ្លះៗ នឹងអាចកើតមានឡើង ប៉ុន្តែនៅថ្ងៃអនាគតនឹងទទួលបានផលប្រយោជន៍ល្អ។
អនាគតនឹងល្អនោះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ អះអាងថា ជាមួយនឹងសេដ្ឋកិច្ចគ្រួសារពលរដ្ឋកើនឡើង វិសាលភាព និងទំហំទីក្រុងក៏នឹងត្រូវបានពង្រីក ឬអាចនិយាយបានថា អនាគតនៅតំបន់ជាយក្រុងដូចជា៖ សង្កាត់លេខ១ និងផ្នែកខ្លះក្នុងសង្កាត់លេខ៤ជាដើម ក៏នឹងក្លាយទៅជាទីប្រជុំជនកុះករដូចគ្នា ។ ជាងនេះទៀត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប្រាកដជានឹងទៅបង្កើតនៅតំបន់ ដែលមានមនុស្សរស់នៅច្រើនកុះករនោះវិញជាពុំខាន៕ ដោយ៖ ដែន សីមា