Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ទទួលពាន​រង្វាន់​បុរាណវិទ្យា​ប៉ាស្ទូ​ម​ឆ្នាំ​២០១៨ (PAESTUM ARCHEOLOGIA) នៅ​ប្រទេស​អី​តា​លី​

​ភ្នំពេញ ​៖ ពានរង្វាន់​បុរាណវិទ្យា​ប៉ាស្ទូ​ម​ឆ្នាំ​២០១៨ (PAESTUM ARCHEOLOGIA) នៃ​វេទិកា​កិច្ចប្រជុំ​លើក​ទី​២១ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ាណេ​និង​តំបន់​អឺរ៉ុប ត្រូវបាន​ប្រគល់ជូន​លោក​ស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នា​រមណីយដ្ឋាន​ពិភព​លោក​ប៉ា​ស្ទូម (Paestum) ប្រទេស​អី​តា​លី​។ នេះ​បើ​តាម​ការផ្សាយ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​។​

​ស្ថិត​ក្នុង​វេទិកា​ពិសេស​នៃ​កិច្ចប្រជុំ​លើក​ទី​២១​ខាងលើ លោក​សាស្ត្រាចារ្យ Azedine Beschaouch បុរាណ​វិទូ​និង​ជា​សមាជិក​បណ្ឌិត​សភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ចំនួន​ពីរ​ដង បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​លក្ខណៈពិសេស នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ជាពិសេស​ភាព​អស្ចារ្យ​និង​អច្ឆរិយៈ​នៃ​ប្រាសាទ​អង្គរវត្ត និង​តំណាង​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាដ្ឋាន​Colosseum​នៃ​ប្រទេស​អី​តា​លី ក៏​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិសាស្ត្រ​នៃ​កីឡាដ្ឋាន​នេះ​ផងដែរ​។ ជាមួយគ្នា​នឹង​បទ​បង្ហាញ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ចូលរួម​ជា​វាគ្មិន​គន្លឹះ​ក្នុង​ការជជែក​ពិភាក្សា ប្រៀបធៀប​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​និង​វិទ្យាសាស្ត្រ​អំពី​រមណីយដ្ឋាន​ពិភពលោក​ទាំងពីរ​។​

​ជា​កិច្ច​បន្ត លោក​បណ្ឌិត Ugo Picarelli ប្រធាន​នៃ​វេទិកា​កិច្ចប្រជុំ​លើក​ទី​២១ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ អំពី​បេតិកភណ្ឌ​និង​ទេសចរណ៍​នៃ​តំបន់​មេ​ឌី​ទែ​រ៉ាណេ និង​តំបន់​អឺរ៉ុប បានប្រគល់​ពានរង្វាន់​បុរាណវិទ្យា​ប៉ាស្ទូ​ម​ឆ្នាំ​២០១៨ ជូន​ដល់​ជ័យលាភី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។ ជ័យលាភី​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​៤​រូប ក្នុងនោះ​២​រូប មក​ពី​ផ្នែក​វប្បធម៌​រួមមាន​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកស្រី Irina Bokova អតីត​អគ្គនាយិកា​អង្គការ​យូណេស្កូ​។ ចំពោះ​ពានរង្វាន់​ប្រចាំឆ្នាំ​នៃ​វេទិកា​កិច្ចប្រជុំ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ អំពី​បេតិកភណ្ឌ​និង​ទេសចរណ៍ នៃ​តំបន់​មេ​ឌី​ទែ​រ៉ាណេ និង​តំបន់​អឺរ៉ុប តែងតែ​ប្រារព្វ​ឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៥ រហូតដល់​បច្ចុប្បន្ន​។​

​ការប្រគល់​ពានរង្វាន់​នេះ គឺជា​មហា​កិត្តិយស​ដ៏​ឧត្តុងឧត្តម ដល់​ព្រះ​រា​ណា​ចក្រ​កម្ពុជា ជាពិសេស​ការទទួលស្គាល់ ជា​អន្តរជាតិ​អំពី​ភាព​អស្ចារ្យ​នៃ​រមណីយដ្ឋាន​អង្គរ ជា​សារមន្ទី​មាន​ជីវិត​ដែល​ពោ​ពេញ​ទៅ​ដោយ​ប្រវត្តិសាស្ត្រ សិល្បៈ និង​បុរាណវិទ្យា និង​ការខិតខំ​របស់​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការការពារ ថែរក្សា លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា រមណីយដ្ឋាន​អង្គរ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក និង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​៕ ​ដោយ ​៖ កូឡាប​

×