តាមកាសែត The Nation ចុះផ្សាយថ្ងៃទី ៧/១២ បានបង្ហាញរូបភាពលោក Prawit យកដៃបាំងពន្លឺព្រះអទិត្យបានបែកធ្លាយចេញនាឡិកាដ៏ថ្លៃ រួមនឹងចិញ្ចៀនពេជ្រមួយវង់ធំ។ តាម The Nation នាឡិកានេះហាក់ដូចជាមានយីហោ Richard Mille ច្រើនទទួលបានការពេញនិយមរបស់តារាភាពយន្ត ឬកីឡា ។
នាឡិកា Richard Mille មានតម្លៃពី ៤-១០លានបាត (ប្រហាក់ប្រហែល120.000 USD – 300.000 USD)។ វាក្លាយជារឿងមួយធំចំពោះឧបនាយករដ្ឋមន្ត្រីរូបនេះ ព្រោះពុំមានក្នុងរបាយការណ៍ទ្រព្យសម្បត្តិរបស់លោកពេលក្លាយជាសមាជិករដ្ឋាភិបាលនៅឆ្នាំ ២០១៤។
នៅថ្ងៃទី ៦/១២នេះ ឧបនាយកបានបដិសេធពុំអធិប្បាយពីនាឡិកាខាងលើឡើយ។ លោក Prawit ប្រកាសថា នឹងពុំបកស្រាយជាមួយអ្នកសារព័ត៌មានទេ លោកនឹងឆ្លើយចំពោះគណៈកម្មាធិការប្រឆាំងអំពើពុករលួយជាតិ (NACC)
ខណៈពេលនោះសកម្មជននយោបាយ Srisuwan Janya ប្រាប់ថា លោកមានផែនការដាក់ពាក្យប្តឹងទៅកាន់ NACC ដោយសំណូមពរឲ្យបើកការស៊ើបអង្កេតពីប្រភពនៃនាឡិកានេះក៏ដូចជាចិញ្ចៀនពេជ្រលើម្រាមដៃលោក Prawit។ ប្រភពជាច្រើននិយាយថា កាលពីលោក Prawit នៅជាមេបញ្ជាការកងទ័ពជំនាន់អតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva នោះលោកមានពាក់នាឡិកាមានតម្លៃ 200.000 បាត (ប្រមាណ 6.000 ដុល្លារ) ហើយក៏ពុំរាយការណ៍ប្រាប់ NACC ។ គួរកត់សម្គាល់ថា អ្នកនយោបាយថៃច្រើនជួបបញ្ហាទាក់ទិនដូចគ្នានេះដែរ។ ជាអាទិ៍ ឆ្នាំ២០១៣ អ្នកស្រីយីងឡាក់ ពេលនោះជានាយករដ្ឋមន្ត្រី បានទទួលការស្តីបន្ទោស ព្រោះពាក់នាឡិកាតម្លៃ ២,៥លានបាត ហើយពុំរាយការណ៍ប្រាប់ NACC ។ ក្នុងអំឡុងពេលប្រឈមមុខនឹងការស៊ើបអង្កេត អ្នកស្រីយីងឡាក់ បានរាយការណ៍ថា ខ្លួនបានលក់នាឡិកានេះមុនពេលចូលរួមឆាកនយោបាយម្លេះ ហើយក៏បានយកលុយនោះទៅទិញត្បូងពេជ្រ។ ការស៊ើបអង្កេតរឿងនេះ ពុំទាន់បានបិទនៅឡើយទេ។
ឥឡូវចាំមើលតើលោក Prawit ឧបនាយករដ្ឋមន្ត្រីថៃ កំពុងកាន់អំណាច នឹងត្រូវប្រឈមមុខជាមួយ NACC ហើយលោកនឹងឆ្លើយបែបណា? ៕