ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពីបទចោរកម្មលួចកាច់បំបែកសោរកម៉ូតូ និងដកហូតបានម៉ូតូចំនួន៤គ្រឿង ជាផលនៃអំពើចោរកម្ម។
របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៨:០០នាទី នៅចំណុចបុរី គឹង សុខា ស្ថិតនៅក្រុម១៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) មួយកើតឡើង បង្កដោយជនសង្ស័យ ០២នាក់ បានធ្វើសកម្មភាព កាច់បំបែកសោរកម៉ូតូ ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ របស់ជនរងគ្រោះ ដែលចតទុកនៅមុខផ្ទះ រួចជិះរត់គេចខ្លួនបាត់។
បន្ទាប់ពីបានទទួលបណ្តឹង របស់ជនរងគ្រោះកម្លាំងផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបដឹងថា មានបក្ខពួកជនសង្ស័យបានទៅលាក់ខ្លួន នៅស្រុកព្រៃនប់ ហើយក៏បន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត។
សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ លុក សុថា ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ចំណែកសម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ មានលេខតួៈ ៥២៩១៨៨ និងលេខម៉ាស៊ីន ០៦០៣៨៦៤។
ចំណែកជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះ៖ ឈ្មោះ អៀង គឹមសូរ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់)។ ឈ្មោះ ហោ កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី) និង ឈ្មោះ ទី វ៉ាន់ដុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ដឹកម្ហូបហាងចិន មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (បក្ខពួកសមគំនិត)។
វត្ថុតាងចាប់យកបានមាន៖ ម៉ូតូ ១គ្រឿង ម៉ាក VISION ស៊េរីឆ្នាំ២០១៣ ពណ៌ខៀវ មានលេខតួ ៥២៩១៨៨ និងលេខម៉ាស៊ីន ០៦០៣៨៦៤ (ផលនៃអំពើលួច)។ ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន ៨៧២៨៨៤៣ (ផលនៃអំពើលួច)។ ម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម គ្មានស្លាកលេខ មានលេខតួ ០៤២៥៤៣ និងលេខម៉ាស៊ីន ០៧៥០៣២៧ (ផលនៃអំពើលួច)។ ម៉ូតូ ១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ស គ្មានស្លាកលេខ មានលេខតួ ៦០៥៦០៧ និងលេខម៉ាស៊ីន គ្មាន “ឈុសចោល” (ផលនៃអំពើលួច)។ សោច្នៃ សម្រាប់កាច់កម៉ូតូ ២ និងសោរលេខ៨ ចំនួន១។ កូនកាំប៉ិតចុច ១ ពណ៌ផ្កាឈូក និងទូរស័ព្ទ ៤គ្រឿង ( អិនចុចពិល ២គ្រឿង , Vfone ១គ្រឿង , HUAWEI ១គ្រឿង)។
ករណីនេះ ត្រូវបានកម្លាំងជនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុបន្តនីតិវិធី៕ ដោយ ៖ ដែន សីមា