Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក​កុំ​មាន​ការងឿងឆ្ងល់ និង​ព្រួយបារម្ភ ចំពោះ​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​នៅ​ចំពោះមុខ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​នោះទេ មិន​ថា​ប្រទេស​ណា​នោះឡើយ ហើយ​សហរដ្ឋអាមេរិក​កុំ មាន​ការងឿងឆ្ងល់ និង​ព្រួយបារម្ភ ចំពោះ​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​។

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាឲ្យ លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែល ចប់​អាណត្តិ​បេសកកម្ម​ការងារ​នៅ​កម្ពុជា ចូល​ជួប​សំណេះសំណាល និង​ជំរាបលា ដែល​បាន​ធ្វើឡើង នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោក William A. Heidt បាន​ជម្រាប​ថ្លែងអំណរគុណ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក ចូលជួប​សំដែង​ការគួរសម និង​ជម្រាបលា នាពេលនេះ​។ លោក William បានកត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​បំពេញ​បេសកកម្ម​ជា ឯ​អគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ឆ្នាំនេះ បាន​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ពង្រឹង កិច្ចប្រតិបត្តិការ​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ ធ្វើយ៉ាងណា​ឲ្យមាន​ការរី​ក​ចម្រើន ហើយ​មាន​ចំណុច​ពិសេស​ជាច្រើន​ដែល ស​ម្តេ​តេជោ​នាយករដ្ឋមន្ត្រី និង​លោក អគ្គរដ្ឋទូត​បាន​ឯកភាពគ្នា និង​បាន​ធ្វើ​កិច្ចការ​រួមគ្នា ជាច្រើន​ផងដែរ​។ លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បាន​សង្កេត​ឃើញ​ពី​ការរីកចម្រើន​ជាពិសេស លើ​វិស័យ​មួយចំនួន​នៅ​ប្រទេស​កម្ពុជា ដូចជា​វិស័យ​បរិស្ថាន វិស័យសេដ្ឋកិច្ច និង​ការនាំ​ចេញពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ផង​ដែរ ។

​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក មានប្រសាសន៍ថា ទោះបី​កន្លង មក​មាន​ការអាក់ខាន ក៏ប៉ុន្តែ​យើង​បាន​ប្រាស្រ័យ ទាក់ទង​គ្នា​ល្អប្រសើរ​ឡើងវិញ នូវ​ការស្វែងរក MIA និង​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​កម្ពុជា ពី​សហរដ្ឋអាមេរិក មកកាន់​ទឹកដី​របស់​កម្ពុជា​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​នៅ​ចំពោះមុខ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​វត្ត​មាន មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​នោះទេ មិន​ថា​ប្រទេស​ណា​នោះឡើយ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​បញ្ជាក់​ចំណុច​នេះ ទៅកាន់​លោក​អគ្គរដ្ឋទូត កុំឲ្យ​សហរដ្ឋអាមេរិក មានការ​ងឿងឆ្ងល់​និង​ព្រួយបារម្ភ ចំពោះ​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​។
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កន្លងមក​កម្ពុជា ក៏​ធ្វើការ​ជាមួយនឹង​បណ្តា​ប្រទេស ផ្សេងៗ​រួម​ទាំង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​, ចិន ,​ឥណ្ឌា​,​ជប៉ុន ជាដើម ពិសេស​បាន​ធ្វើឡើង​លើស​ពី​ទ្វេភាគី​ទៅ​ទៀត ក្នុង​គោលដៅ​ដើម្បី​ក៏​សាង​ជំនឿ និង​បទពិសោធន៍ ជាពិសេស​ឆ្លើយតប​ទៅ​នឹង​គ្រោះមហន្តរាយ​ផ្សេងៗ​។ អ្វី​ដែល​សំខាន់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យមាន​ការសន្ទ​នា រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការយល់​គ្នា ក្នុងការ​រក្សា​នូវ​ទំនាក់ទំនង​គ្នា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា កន្លងមក​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ តែ​យើង​មិន​អនុញ្ញាត ឲ្យមាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ឡើយ​។ សម្តេច​តេជោ ក៏​បាន​រលឹក ពី​អតីត​កាល ដែល​មាន​កងទ័ព​មួយ​ខៀវ មក​លើ​ទឹកដី​កម្ពុជា ដែល​បណ្តាលឲ្យមាន​បញ្ហា​ជាច្រើន​ដូចជា ការចម្លង​មេរោគ HIV នៅ​លើក​ទឹកដី​កម្ពុជា​ជាដើម​។​

​ស​ម្តេ​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា អ្វី​ដែល​កម្ពុជា​ចាប់អារម្មណ៍​គឺ​កម្ពុជា​ចង់ឲ្យ​ប្រទេស ដែល​ចូលរួម​ក្នុង​ការកសាង​អភិវឌ្ឍន៍​កម្ពុជា មាន​គម្រោង​ចូលរួម​ផ្សេងៗ​ដូចជា​ការកសាង ផ្លូវថ្នល់ ស្ពាន ជាដើម​។ លោក​ឯ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ក៏​បាន​គូសបញ្ជាក់​ដែរ​ថា​ក្នុង​រយៈពេល ៣ ឆ្នាំ​ដែល​លោក​បាន​បំពេញ​ការងារ​កន្លងមក នៅ​កម្ពុជា​លោក​បាន​រៀនសូត្រ​ជាច្រើន និង​បាន​ឃើញ​ពី​ការរីកចម្រើន​របស់​កម្ពុជា កន្លងមក លោក​ឯ​អគ្គរដ្ឋទូត ក៏​បាន​ខិតខំ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ទីក្រុង Washington យល់​អំពី​កម្ពុជា​ឲ្យបាន​ច្រើន​។ តែ​ទោះបីយ៉ាងណា​ក៏ដោយ ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក មកដល់ពេលនេះ កាន់តែ​ប្រសើរឡើង​ជា​ច្រើន រវាង​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស ទាំងឡាយ​រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ ទន្ទឹម​នោះ​ផងដែរ ពាក់ព័ន្ធ​ជាមួយ​នឹង​ក្តីកង្វល់ របស់​សហរដ្ឋអាមេរិក ចំពោះ​វត្តមាន​មូលដ្ឋានទ័ព​បរទេស នៅ​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ញើលិខិត​មួយច្បាប់ រួចរាល់​ហើយ​ទៅ​កាន់ លោក Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដោយ​គូសបញ្ជាក់ថា គ្មាន​មូលដ្ឋានទ័ព​បរទេស នៅ​លើក​ទឹកដី​កម្ពុជា​នោះ​ឡើយ​។​

​នៅក្នុង​ជំនួប​នេះ​ផងដែរ សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​សម្ដេច​ស្វាគមន៍​រាល់​ការវិនិយោគ ពី​បណ្ដា​ប្រទេស​ទាំងអស់ មិន​ថា​ប្រទេស​ចិន​, ជប៉ុន ឬ សហរដ្ឋអាមេរិក ជាដើម អាច​មក​ធ្វើការ វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ដែរ​ថា សម្ដេច​មិន​អនុញ្ញាត​ឲ្យមាន​ឥទ្ធិព​ល​បរទេស នៅលើ​ទឹកដី​របស់​កម្ពុ​ជា​ឡើយ​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ផ្លូវការ U.S. Embassy Phnom Penh, Cambodia បាន​លើកឡើង​ថា នៅក្នុង​ពេល​ជួប និង​ជំរាបលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​អរគុណ​លោកនាយក​រដ្ឋមន្ត្រី ចំពោះ​ការដឹកនាំ របស់លោក​ក្នុង​ការជំរុញ​បន្ថែម នូវ​ទំ​នា​ក់​ទំនង​ប្រកបដោយ​ផ្លែផ្កា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា និង​ក្នុង​ការ​ធ្វើឲ្យមាន​ស្ថានភាព​សម្រាប់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ដ៏​ឆាប់រហ័ស នៅ​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​កត់សម្គាល់​ថា លោក​មាន​ការលើកទឹកចិត្ត ដោយសារ​ជំហាន​វិជ្ជមាន ក្នុង​ពេល​ថ្មីៗ​នេះ ដែល​រួម​មាន​ការបន្ត​ឡើងវិញ នូវ​កិច្ចសហប្រតិបត្តិការ​ទាក់​ទង​នឹង​ឈ្លើយសឹក និង​យុទ្ធជន​បាត់​ខ្លួន​អាមេរិក ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​កែលម្អ​ចំណង​ទាក់ទង​ទ្វេភាគី ដែល​រួម​មាន​ការជំរុញ​ការផ្សះផ្សា​ជាតិ ការដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​បន្ធូ​បន្ថយ​ការ​រឹតត្បិត​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

លោក​ឯកអគ្គរដ្ឋទូត បាន​ទទួលស្គាល់​មតិ របស់​លោក​នាយករដ្ឋមន្ត្រី ដែល​លោក​បាន​មានប្រសាសន៍ នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា បដិសេធ​របាយការណ៍​ព័ត៌មាន​ថា ប្រទេស​កម្ពុជា នឹង​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស នៅ​កម្ពុជា ហើយ​បាន​កត់សម្គាល់​ពី​សារ​សំខាន់ នៃ​ការបន្ត​កិច្ចពិភាក្សា​លើ​បញ្ហា​នេះ​៕ ​ដោយ​ ៖​ កូឡាប​

  

×