Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធីបុណ្យ​អុំទូក បី​ថ្ងៃ ភ្ញៀវ​បរទេស​ជាង​១,២​ម៉ឺន​នាក់ ចូល​ទស្សនា លើ​វេទិកា​ក្រសួងទេសចរណ៍​

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា រយៈពេល​បី​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ប​ណ្ឌែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ១​ម៉ឺន​២​ពាន់​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រ​ណាំ​ទូក និង​ពិធី​បណ្ដែតប្រទីប នៅលើ​វេទិកា​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា កាលពី​ម្សិល​ម្ងៃ វេទិកា​របស់​ក្រសួងទេសចរណ៍ បានទទួល​ភ្ញៀវទេសច​រណ៍បរ​ទេស​ជាង ៣​ពាន់​នាក់ រីឯ​នៅ​ថ្ងៃ​ម្សិលមិញ បានទទួល​ភ្ញៀវទេសច​របរ​ទេស​ជាង ៤​ពាន់​នាក់ ហើយ​នៅថ្ងៃនេះ វេទិកា​ដដែល​នេះ បានទទួល​ភ្ញៀវទេសច​របរ​ទេស ដល់​ទៅ​ជាង ៥​ពាន់​នាក់​។ ដូច្នេះ​សរុប​ចំនួន​ទេសចរ​បរទេស ទាំងបី​ថ្ងៃនេះ មាន​ប្រមាណ​ជាជាង ១​ម៉ឺន​២​ពាន់​នាក់​។ អ្វីៗ​ទាំងអស់​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ឆ្នាំ​២០១៨​នេះ គឺមាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​ច្រើនណាស់ ទាំង​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ការពង្រឹង​សន្តិសុខ សណ្ដាប់ ធ្នាប់​សាធារណៈ និង​ការរៀបចំ​ពិធី​នានា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការប្រកាន់​នូវ​ស្មារតី​ដ៏​ប្រពៃណី​នេះ ក៏​ជាការ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ព្រមទាំង​យុទ្ធនាការ កម្ពុជា​ស្អាត កម្ពុជា​បៃតង ពីព្រោះ​វា​ជា​កត្តា​ទាក់ទាញ​ដ៏​ធំ​មួយ ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​ឱ្យ​កាន់តែច្រើន​។ លោក ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ និង​គ្រប់ភាគី​ទាំងអស់ សូម​មានការ​ចូលរួម​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អនាម័យ កាកសំណល់ សំរាម ថង់​ប្លា​ស្ទិ​ច​ជាដើម ពិសេស​គឺ​ប្រកាន់​នូវ​ទម្លាប់​មួយ «​កុំ​បោះចោល​សំរាម​ផ្ដេសផ្ដាស​ឱ្យសោះ ត្រូវដាក់​សំរាម​ក្នុង​ធុងសំរាម​។​

​លោក​ថ្លែង​ទៀតថា យើង​ធ្លាប់​សរសើរ​ប្រទេស​ដទៃ​ថា ស្អាត​មាន​អនាម័យ តែ​យើង​ក៏ត្រូវ​ធ្វើឱ្យ​ប្រទេស​របស់​យើង​មាន​ភាព​ស្អាត មាន​អនាម័យ និង​មាន​ភាព​បៃតង​ផងដែរ ដើម្បីឱ្យ​ទេសចរ​អន្តរជាតិ​ដែល​មកលេង​ប្រទេស​យើង គេ​បានឃើញ គេ​សប្បាយរីករាយ ហើយ​ពេល​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ គេ​ក៏​លើកសរសើរ​ពី​ប្រទេស​កម្ពុជា​យើង​វិញ​ដែរ ហើយ​ខ្លួន​យើង​ផ្ទាល់​ក៏មាន​ផាសុក​ភាពល្អ​ដែរ​។​

​លោក បាន​បញ្ជាក់ថា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មក​ចូលរួម​ទស្សនា និង​ដើរ​កម្សាន្ត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ បានបង្ហាញ​នូវ​ទឹកមុខ​ញញឹម​សប្បាយរីករាយ ដែល​កត្តា​សំខាន់​ជំរុញឱ្យមាន​ទស្សនីយភាព មិនអាច​បំភ្លេចបាន កើតចេញពី​កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក ថោង ខុន ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បន្ថែមទៀត សូម​ត្រៀមខ្លួន ក្នុងការ​ចូលរួម​ទស្សនា​កម្សាន្ត ក្នុង​ពិធី​បុណ្យជាតិ​ធំៗ ចំនួន​៣​ទៀត រួមមាន​៖ ទី​១. ពិធីបុណ្យ​សមុទ្រ​លើ​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្តកោះកុង ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៤-១៥-១៦ ខែធ្នូ ឆ្នាំ​២០១៨​។ ទី​២. ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ ជោគជ័យ នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨​។ ទី​៣. គឺ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៨ ឆ្លង​ចូល ឆ្នាំ​២០១៩ នា​រាត្រី​ថ្ងៃទី​៣១ ខែធ្នូ នៅក្នុង​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ​ដដែល​៕ ​ដោយ​ ៖ កូ​ឡាប​

×