ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ពីមុនរាល់ការ សុំទិដ្ឋាការទៅអាមេរិក មិនពិបាកទេ តែថាពេលនេះ ប្លែកគឺពន្យារពេលរហូតដល់៣សប្តាហ៍។
លោក កែវ រ៉េមី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កំពុងតែសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីបានលោកសុំទិដ្ឋាការ (Visa) ទៅសហរដ្ឋអាមេរិក ដើម្បីទៅលេងកូនមិនបាន ហើយចោទសួរថា “តើសិទ្ធិមនុស្សនៅឯណា?”។
លោក កែវ រ៉េមី បានលើកឡើងទៀតថា កាលពីពេលកន្លងទៅលោកស្នើសុំទិដ្ឋាការ មិនដែលខកខាននោះទេ ប៉ុន្ដែអ្វីបានជាពេលនេះប្លែកគេពន្យារពេលរហូតដល់៣សប្ដាហ៍ ទើបបញ្ជាក់ឲ្យទិដ្ឋាការ ឬមិនឲ្យទិដ្ឋាការ ខណៈដែលមកដល់ថ្ងៃនេះជិត១០ថ្ងៃទៅហើយ នៅឡើយមិនទាន់ទទួលបានដំណឹង។
លោក បានសរសេរថា “នឹងកូនពេក រត់ទៅសុំ VISA អាមេរិក ។ ពីមុនសុំបានៗ តែពេលនេះប្លែក គេពន្យារពេល៣សប្តាហ៍ ថាឲ្យឬមិនឲ្យ។ ចូលជិត១០ថ្ងៃហើយៗនៅមិនទាន់ទទួលដំណឹង។ នៅសល់តែ២ថ្ងៃទៀត ទោះជាឲ្យក៏ទៅមិនបានដែរ ពីព្រោះរវល់ខ្លាំង។ សិទ្ធិមនុស្សនៅឯណា?” ។
ប៉ុន្ដែទោះជាយ៉ាងណា លោក កែវ រ៉េមី មិនបានបញ្ជាក់អំពីមូលហេតុអ្វីនោះទេ បានជាស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនបានផ្ដល់ទិដ្ឋាការជូនរូបលោក យ៉ាងដូច្នេះ ខណៈរាល់លើកមិនដែលមានបញ្ហាបែបនេះឡើយ។
លោកបានសរសេរបន្តថា “មានបងប្អូនយើងមួយចំនួនតូចដែលមិនបានដឹង: ១ -គ្រួសារខ្ញុំទៅនៅអាមេរិក ដោយសារគេចពីសង្គ្រាម ក្រោយឆ្នាំ ១៩៧៩។ ២ – ចោទខ្ញុំពុករលួយគឺខុស។ កូនខ្ញុំរៀនចប់ដោយសារខ្ចីលុយក្នុងសាលា ពេលរៀនចប់ត្រូវសងគេវិញ។ នេះក៏ជាចំណុច ដែលគាត់បាននិងបន្ត ធ្វើការនៅអាមេរិកបន្តទៀត ។ ពេលសងអស់ គាត់នឹងត្រឡប់មកខ្មែរវិញ ពីព្រោះជាប្រទេសយើង។ ៣ – នៅឆ្នាំ ១៩៩៨, អាមេរិកបានផ្តល់សញ្ជាតិអាមេរិកាំងឲ្យខ្ញុំ តែខ្ញុំមិនទៅទទួលនោះទេ។ នេះជាការពិត, មានសាក្សីនៅរស់មួយចំនួន ដែលគេតែងតែហួសចិត្តជាមួយខ្ញុំ”។
ចំណែកលោកព្រាប កុល ដែលជាប្រធានអង្គការតម្លាភាពកម្ពុជា បានសរសេរក្នុងចំអកឡកឡាយ ដាក់លោកកែវ រ៉េមីថា
“ខ្ញុំគ្រាន់តែជាសាមញជនម្នាក់ គ្មានមុខងារជាឧត្តមមន្ត្រីអី្វទេ ហើយកាន់លិខិតឆ្លងដែនរាស្ត្រ ដែលរលប់អក្សរនៅក្របខាងលើទៀត។ ប៉ុន្តែពេលខ្ញុំសុំទិដ្ឋាកា (VISA) ទៅអាមេរិកចំនួនត្រឹមតែ ៣ ថ្ងៃ អាមេរិកយល់ព្រមឱ្យ ទិដ្ឋាកាខ្ញុំរហូតដល់ទៅ ៣ ខែ។ ពេលខ្ញុំសុំទិដ្ឋាកាទៅអឺរ៉ុប ត្រឹមតែ ២ សប្តាហ៍ អឺរ៉ុបឱ្យទិដ្ឋាកាខ្ញុំ រហូតដល់ទៅ ២ ឆ្នាំ។ ហេតុអ្វីអាមេរិក ធ្វើបែបហ្នឹងដាក់ឧត្តមមន្ត្រីខ្មែរ ដែលកាន់ប៉ាស្ព័រការទូតអញ្ចឹង? ម៉េចក៏ធ្វើអញ្ចឹង អស់លោកអាគាំង? “។
រីឯលោក Kin Phea បានបញ្ចេញមតិផងដែរថា “បង Preap Kol បងស៊ីប្រាក់ខែ ដែលជាលុយជំនួយបរទេស តិចឬច្រើន បងបម្រើនិន្នាការបរទេស, ដូច្នេះ ទៅបរទេសដែលបងទទួលជំនួយ មិនលំបាកទេ, លោក កែវ រ៉េមី (Keo Remy) មន្ត្រីរដ្ឋាភិបាល ស៊ីប្រាក់ខែរដ្ឋាភិបាល បម្រើនិន្នាការរដ្ឋាភិបាល, ស្របពេលដែលអាមេរិក មានទស្សនៈមិនស្រូវល្អជុំវិញបញ្ហាផ្ទៃក្នុង របស់កម្ពុជា, ទិដ្ឋាការទៅអាមេរិក សម្រាប់មន្ត្រីរដ្ឋាភិបាល អាចលំបាកបន្តិច។ និយាយត្រង់ចុះ, បងប្អូនយើងមួយចំនួន មកពីសង្គមស៊ីវិល ខ្ញុំមិននិយាយចំពោះបងទេ, មើលមកមន្ត្រីរដ្ឋាភិបាល ហាក់មិនស្នេហាជាតិដូចខ្លួនទេ ប្រើភាសាចាក់ដោតបញ្ឆិតបញ្ឆៀង ធ្វើដូចខ្លួនស្អាតស្អំស្រឡាញ់ជាតិណាស់, តែខំប្រឹងជេរជាតិខ្លួនឯង ដើម្បីបានជំនួយបរទេស (មិនទាំងអស់ទេ, បងប្រហែលមិនមែន ក្នុងចំណោមពួកគេទ) សូមអរគុណ”។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់ អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ៕ ដោយ៖រចនា