ប៉ារីស ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញវិស័យឯកជនប្រទេសបារាំង ធ្វើការវិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា គឺ៖ វាយនភណ្ឌ, កសិកម្ម, ម្ហូបអាហារកែច្នៃ និងទេសចរណ៍ ដើម្បីធ្វើពិពិធកម្ម (ពង្រីក) ឱកាសការងារជូនប្រជាជន និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក ហ្សង់ ព្យែររ៉ាហ្វារាំង (Jean-Pierre Raffarin) ប្រធានមូលនិធិ Foundation Prospective Innovation (FPI) អតីតនាយករដ្ឋមន្ត្រីបារាំង និងបច្ចុប្បន្នជាសមាជិកសភាកិត្តិយសនៃប្រទេសបារាំង កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅការិយាល័យមូលនិធិ FPI ក្នុងទីក្រុងប៉ារីស។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូន លោក ហ្សង់ ព្យែររ៉ាហ្វារាំង អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយវិនិយោគ និងយុទ្ធសាស្ត្រចតុកោណថ្មី ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងថែមទៀត នូវអភិបាលកិច្ចល្អ ដើម្បីពង្រឹងកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។
លោករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋាភិបាលបារាំង តាមរយៈលោក ហ្សង់ ព្យែររ៉ាហ្វារាំង ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យអាទិភាពខាងលើ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលគម្រោងវិនិយោគនានា ក៏ដូចជាការបន្តលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជននៅក្នុងប្រទេស។
ជាការឆ្លើយតប លោក ហ្សង់ ព្យែររ៉ាហ្វារាំង បានថ្លែងអំណរគុណ លោក ប៉ាន សូរស័ក្តិ ដែលបានចែករំលែកព័ត៌មានល្អៗ និងបានសន្យាពាំនាំសំណើនេះ ទៅជម្រាបជូនរដ្ឋាភិបាលបារាំង និងជួយកៀងគរវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
បន្ថែមលើនេះ លោក ហ្សង់ ព្យែររ៉ាហ្វារាំង ក៏បានសន្យានឹងដឹកនាំប្រតិភូវិនិយោគិនបារាំង មករៀបចំវេទិកាជំនួបធុរកិច្ច នៅក្នុងប្រទេសកម្ពុជា នារដូវក្តៅឆ្នាំ២០១៩ ខាងមុខ អមជាមួយព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មផ្សេងៗ ឱ្យបានយ៉ាងតិចមួយដង ក្នុងមួយឆ្នាំ៕ ដោយ ៖ បញ្ញាស័ក្តិ