ប៉ូលិសអង់គ្លេសកំពុងតាមស្វែងរកតម្រុយរបស់ក្មេងជំទង់វៀតណាម ១៣រូប មានវ័យចន្លោះពី ១៤-១៨ឆ្នាំ បានបាត់ស្រមោលចេញពីតំបន់ Northamptonshire។ គេកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា ក្មេងជំទង់ទាំងនេះកំពុងស្ថិតក្នុងកណ្តាប់ដៃ នៃពួកជួញដូរមនុស្ស។
តាម Daily Mail ក្មេងជំទង់១៣រូបនេះ បានចាកចេញពីទីកន្លែងស្នាក់នៅប៉ុន្មានថ្ងៃក្រោយពេលទទួលបានការរៀបចំដើម្បីស្នាក់នៅក្នុងប្រព័ន្ធថែទាំក្មេង ដែលពុំមានអាណាព្យាបាល។ ប៉ូលិសនៃតំបន់ Northamptonshire បានប្រកាសជាសាធារណៈនូវអត្តសញ្ញាណយ៉ាងលំអិតរបស់ក្មេងទាំង១៣នាក់នេះ។
ចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ ក្មេងជំទង់ ដើមកំណើតវៀតណាមជាង១៥០នាក់ បានបាត់ស្រមោលពីប្រព័ន្ធថែទាំ ហើយក្នុងចំណោមនោះមាន៨៨នាក់ បានវិលត្រឡប់មកវិញ។ ក្រុមអ្នកជំនាញការនិយយាថា ពួកគេខ្លាចការចាប់បញ្ចូលឲ្យរស់នៅក្នុងមជ្ឈមណ្ឌល ទើបជ្រើសយកវិធីទាក់ទងនឹងក្រុមជួញដូរមនុស្ស។
អ្នកជំនាញការមួយចំនួនទៀតបានសំណូមពរឲ្យរដ្ឋការអង់គ្លេសមានវិធានការថែទាំ និងការពារក្មេងទាំងនោះ ព្រោះថា យើងចាំបាច់បង្កើតនូវបរិស្ថានមួយដើម្បីឲ្យប្អូនៗទាំងនោះមានសុវត្ថិភាព ហើយលែងមានបំណងរត់គេចទៀត៕