ថ្មីៗនេះ គេបានកំណាយឃើញផ្នូរបុរាណមួយ នៅជិតភូមិ Petrykiv ភាគខាងត្បូងទីក្រុង Ternopil ប្រទេសអ៊ុយក្រែន ។ នៅខាងក្នុងផ្នូរគឺជាអដ្ឋិធាតុមនុស្ស ២នាក់ នៅស្ទើរទាំងស្រុង ហើយវាជាសំណល់ចុងក្រោយ នៃប្តីប្រពន្ធ ២នាក់ ចំណុះវប្បធម៌ Vysotskaya (ឬ Wysocko) មុននេះ ៣.០០០ឆ្នាំ ។ កាយវិការនៃ “អដ្ឋិធាតុ” មនុស្ស ២នាក់នេះ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ងឿងឆ្ងល់ ហើយក៏សិក្សាយ៉ាងល្អិតល្អន់ ។
ប្តីប្រពន្ធដេកឱបគ្នានៅក្នុងផ្នូរបុរាណ ។
ប្តី និងប្រពន្ធដេកក្នុងកាយវិការឱបគ្នាជាប់ មុខរបស់គេងាកសំដៅទៅរកគ្នា ។ ប្តីដេកផ្ងារ ក្បាលរាងងាកផ្អែកលើថ្ងាសប្រពន្ធ រីឯប្រពន្ធដេកនៅម្ខាង ដោយយកដៃលូកទ្រកប្តី ដៃម្ខាងទៀតផ្អែកលើស្មា ជើងទាំង២របស់នាងរាងអង្កុញហើយដាក់ពីលើជើងប្តី ។
ឧបករណ៍មួយចំនួនត្រូវបានបញ្ចុះជាមួយនឹងពួកគេ ដែលវាជាវប្បធម៌សម័យកាលនោះ ។ ចំណែកកាយវិការបស់ស្រីជាប្រពន្ធ ត្រូវបានអ្នកវិទ្យាសាស្ត្រឯកភាពគ្នាថា បុរសជាប្តីបានស្លាប់ តែនារីជាប្រពន្ធគឺនៅរស់ ប៉ុន្តែគាត់បានស្ម័គ្រចិត្តឲ្យគេបញ្ចុះជាមួយប្តី ដើម្បីបានកាន់ដៃគ្នាទៅជាតិខាងមុខ ។ បញ្ហាស្ថិតត្រង់កាយវិកានៃ “អដ្ឋិធាតុ” របស់ប្រពន្ធ ប្រសិនបើជាមនុស្សស្លាប់គេពុំអាច “រៀបចំ” បែបនេះបានទេ! ។
ជាស្នេហាដ៏ខ្លាំងក្លានិងផ្អែមល្ហែមរបស់ប្រពន្ធជាមួយប្តី ។
មតិខ្លះបានសង្កត់ធ្ងន់ថា ៖ នារីជាភរិយាប្រហែលឈឺចាប់នឹងការស្លាប់របស់ស្វាមី ឬក៏ព្រោះខ្លាចគេបង្ខំឲ្យរៀបការនឹងប្រុសដទៃ ទើបនាងសុខចិត្តកប់ទាំងរស់នឹងប្តីជាទីស្រឡាញ់ បំណងបង្ហាញពីស្នេហ៍បរិសុទ្ធ តែមួយគត់របស់នាង ។
…ដែលសូម្បីតែការស្លាប់ក៏ពុំអាចបំបែកពីគ្នាបានឡើយ ៕
ចន្ទ្រា