ភ្នំពេញ ៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី តើកម្ពុជាត្រូវការវត្តមានកងទ័ពបរទេសដែរឬទេ? លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា ចិនយកលុយមកវិនិយោគនៅកម្ពុជា មានចំនួនច្រើន ហើយបានជំរុញឲ្យមន្ត្រីថ្នាក់អភិបាលខេត្ត ក្រុង ទាំងអស់ អនុវត្តន៍ច្បាប់លើអ្នកវិនិយោគ ជនជាតិចិន ឲ្យបានត្រឹមត្រូវ ដើម្បីធានាការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងមិន ឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ។
រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលនេះ នៅម៉ោង៨៖៣០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលនាងនួន អាគារ F ដោយលោក សុខ ទូច បានបញ្ជាក់ថា ចឹងចិនមកមិនមែនយកច្បាប់ចិនមកអនុវត្តន៍នៅកម្ពុជាឯណា ត្រូវគោរពច្បាប់កម្ពុជា។ ចឹងចៅហ្វាយខេត្តចៅហ្វាយក្រុង ត្រូវអនុវត្តន៍ទៅ កុំឲ្យភ្នែកសាឡេវ។ មើល ដំបូងត្រង់ ដល់គេឲ្យកន្លះលានភ្នែកសាឡេវបាត់។ ដៀងចុះដៀងឡើង មើលអត់ឃើញគេចាក់ លុបឆ្នេរ។ ទៅបន្ទោសនេះ បន្ទោសនោះ ដកកាវ៉ាត់ចោលទៅច្បាប់មានតើ។
លោក សុខ ទូច បានបន្ថែមថា “មួយសារនេះគណបក្សប្រជាជនទាំងអស់ខុសឬ ត្រូវ ទទួលខុសត្រូវ អត់ឆ្លើយដាក់អ្នកណាទៀតទេ។ ចឹងដែលគេឲ្យតំណែងហើយ គួរយកតំណែងទៅបម្រើ ប្រជាជន មិនមែនយកតំណែងទៅលប់ឆ្នេរទេ។ ខ្ញុំនិយាយឲ្យត្រង់ព្រោះខ្ញុំក៏ជាសមាជិក គណបក្សប្រជាជនដែរ ព្រោះខ្ញុំជាមន្ត្រីរាជរដ្ឋាភិបាល”។
លោកបណ្ឌិតប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អាមេរិក គឺជាប្រទេសមហាអំណាច ដែលដាក់មូលដ្ឋានទ័ព នៅក្រៅប្រទេសច្រើន នៅលើពិភពលោក រហូតដល់ជាង៨០០កន្លែង ហើយតាមរយៈបទពិសោធន៍ហើយ ទើបបានធ្វើឱ្យអាមេរិក មានការសង្ស័យថា ចិនបោះមូលដ្ឋានទ័ព នៅក្នុងប្រទេសកម្ពុជា ក្រោយពីឃើញអ្នកវិនិយោគចិន មកកម្ពុជាកាន់តែច្រើន។ “រឿងនេះអត់ចម្លែកទេ អ្នកដែលសង្ស័យគេ បានដើររួចទៅហើយ។ អាមេរិកសង្ស័យថា ចិន មានកងទ័ពនៅកម្ពុជា មិនខុសទេ ព្រោះថាអាមេរិកវាធ្លាប់ធ្វើ វាធ្លាប់ដើរ។ ខ្លួនធ្លាប់ធ្វើអាហ្នឹង ដល់ពេលឃើញចិនមកវិនិយោគកម្រិតខ្ពស់ ក៏គិតថា អូ ប្រហែលជាចិនមកដាក់ហើយ ឥឡូវដាក់ ឬមិនដាក់ យើងចាំមើលតទៅទៀត យើងចាំមើលទាំងអស់គ្នា” លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះ៕ ដោយ ៖ រចនា