ព្រះសីហនុ៖ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបង្កើនទំនាក់ទំនងជាមួយគណៈប្រតិភូខេត្តលៀវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តរិតចំណងសាមគ្គីភាព ជាមួយគ្នា អោយកាន់តែជិតស្និទថែមទៀត។
ជំនួបពិភាក្សាគ្នានេះ ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។
នៅក្នុងជំនួបនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តលៀវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក ពីង ជីកាង អនុប្រធានគណៈកម្មាធិការសភាប្រជាជនខេត្ត បានជួបពិភាក្សាការងារទៅលើកិច្ចការមួយចំនួន រួមមាន៖ បានព្រមព្រៀងចុះហត្ថលេខាលើកំណត់ហេតុស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព ខេត្តបង-ប្អូន គឺ ខេត្តព្រះសីហនុ ជាមួយខេត្តលៀវនីង ដើម្បីបង្ហាញពីការរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ អោយកាន់តែប្រសើរនាថ្ងៃអនាគត។
នាឱកាសនោះ លោក យន្ត មីន មានប្រសាសន៍ថា ការបង្កើតអោយមានទំនាក់ទំនង រវាងខេត្តព្រះសីហនុ ជាមួយខេត្តលៀវនីង ជាបងប្អូនគ្នានេះ គឺនឹងអាចឈានដល់កែនគរ អ្នកវិនិយោគប្រទេសទាំងពីរ ពិសេសអ្នកវិនិយោគទុនចិន ឈានមកបោះទុនវិនិយោគរវាងប្រទេសទាំងពីរ នៅលើវិស័យផ្សេងៗ ពិសេសវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជាដើមអោយបានច្រើនថែមទៀត នាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា