ភ្នំពេញ ៖ ខណៈពេលថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ នៅសល់តែ៣៥ថ្ងៃនោះ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ យ៉ាងច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ វិមានឈ្នះ-ឈ្នះ បន្តទៀត។
បើតាមការផ្សាយរបស់ក្រសួងការពារជាតិ ការចុះត្រួតពិនិត្យនេះ គឺ សម្តេចពិជ័យសេនា តែងតែដឹកនាំក្រុមការងារចុះត្រួតពិនិត្យឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យវិមាន ដែលជានិមិត្តរូបនៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរ មួយនេះកសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានៃថ្ងៃប្រារព្ធពិធី តាមការកំណត់របស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាប់វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ នឹងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨)ផងដែរ។
វិមានឈ្នះ-ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាងសង់វិមានឈ្នះ-ឈ្នះ នេះ គឺជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពី នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមានជាប្រវត្តិសាស្ត្រមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។ កាលពីថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាធារណៈថា៖ សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅទីតាំងវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះកន្លងមក ៕ ដោយ ៖ កូឡាប