Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​អាមេរិក សម្តែង​នូវ​ឆន្ទៈ លើកកម្ពស់ និង​គាំទ្រ ដល់​ការវិនិយោគ របស់​អាមេរិក នៅ​កម្ពុជា​

​ភ្នំពេញ ​៖ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William A. Heidt បាន​សម្តែង​នូវ​ឆន្ទៈ ក្នុង​ការបន្ត​លើកកម្ពស់ និង​គាំទ្រ ដល់​ការវិនិយោគ របស់​អាមេរិក នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​ភ័ស្តុភា​រកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​បាន​ទទួល​ជួប​សម្ដែង ការគួរសម និង​ជម្រាបលា ពី​សំណាក់​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ឯកអគ្គ​រដ្ឋទូត​ក្នុង​អាណត្តិ​របស់​ខ្លួន​។ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោក​ឯកអគ្គរដ្ឋទូត​អំពី​គំនិត​ផ្តួចផ្តើម​កំណែទម្រង់​ដែល​កំពុង​ដំណើរកា​ររ​បស់​ក្រសួង និង​បាន​កត់សម្គាល់​ជាក់លាក់​លើ​ការចូលរួម​ចំណែក​របស់ ក្រុមហ៊ុន General Electric និង​ក្រុមហ៊ុន​អាមេរិក​ដទៃ​ទៀត​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​លោក William A. Heidt បាន​សម្តែង​អំណរគុណ​និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឱកាស និង​ការគាំទ្រ​ដែល​អាច​ជួយ​ឲ្យ​ឯក​ឧ​ត្ត​បាន​បំពេញ​ការងារ​របស់​ខ្លួន​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ឆន្ទៈ​បន្ថែមទៀត ក្នុង​ការបន្ត​លើកកម្ពស់ និង​គាំទ្រ ដល់​ការវិនិយោគ​របស់​អាមេរិក​បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​ភ័ស្តុភា​រកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជូនពរ​សូមឲ្យ​លោក​ឯកអគ្គរដ្ឋទូត ទទួលបាន​ជោគជ័យ ក្នុង​មុខតំណែង​នាពេល​អនាគត របស់ខ្លួន និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទំនាក់ទំនង​មិត្តភាព ជាមួយ​ប្រជាជន​កម្ពុជា​៕ ​ដោយ​ ៖​ កូឡាប​

 

×