Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​រស់​ឡើង​វិញ​” សៀវភៅ និយាយ​ពី​ដំណើរ​តស៊ូ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​របស់ សម្តេច ហេង សំរិន បាន​សម្ពោធ និង​ផ្សព្វផ្សាយ​

spot_img

​ភ្នំពេញ ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិចិ្ឆកា ឆ្នាំ ២០១៨ បាន​រៀបចំ​ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ សៀវភៅ​កំណត់ហេតុ ស្តី​ពី​ការតស៊ូ​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះ​ប្រទេស​ជាតិ ចេញពី​របប​ប៉ុលពត ការចូលរួម​ស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ​ក្រោយ​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ​។​

​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែងថា “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់ ឡើងវិញ​” បាន​ចងក្រង​ជា​ភាសា​អង់គ្លេស បង្ហាញ​ពី​ការ​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា ដល់​អ្នកអាន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ចង់​សិក្សា ឈ្វេងយល់​ពី ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជា​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​របស់​ឥស្សរជន​ស្នេហា​ជាតិ និង​ដំណើរ​ស្តារ​កម្ពុជា​ឡើង​វិញ ក្រោយ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត បាន​រលំ​ទៅ ក្នុង​រយៈពេល ៤០​ឆ្នាំ កន្លងមកនេះ​។ ប្រសូត្រ​នៅក្នុង​គ្រួសារ​កសិករ​នៅ​ទីជនបទ​មួយ ក្នុង​ខេត្ត​កំពង់ចាម ក្នុង​ឆ្នាំ​១៩៣៤ សម្តេច ហេង សំរិន គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ ឈ្មោះថា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​“ ដែល​ក្រោយមក​បាន ប្តូរ​ឈ្មោះ​ជា “​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​” ដែល​បាន​បង្កើតឡើង​នៅក្នុង​សមាជ​មួយ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨​។ ផ្តើមចេញ​ពី​ខេត្ត​ក្រចេះ​នោះ​ហើយ ដែល សម្តេច ហេង សំរិន បានប្រកាស​ផែនការ ១១​ចំណុច ក្នុង​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ សម្តេច ហេង សំរិន គឺជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុងចំណោម​ថ្នាក់​ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចំនួន ១៤​រូប ដែល​នៅ​រស់រាន​មានជីវិត ដូចជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកជំទាវ មាន សំអាន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកា​ព្រឹទ្ធសភា ឯកឧត្តម រស់ សម័យ ទីប្រឹក្សា​ជាន់ខ្ពស់ រាជរដ្ឋាភិបាល និង ឯកឧត្តម ចាន់ វ៉ែន អតីត​អគ្គលេខាធិការរង​រដ្ឋ​សភា​ជា​ដើម​។ ការសម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើង​វិញ​” នៅពេលនេះ ស្របពេល​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស នៅ​ស្តូប អនុស្សាវរីយ៍ នា​ស្រុក​ស្នួល ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នេះ ដែល​មាន​មហាជន​រាប់​ម៉ឺន​នាក់​ចូលរួម​ផង​ដែរ​។

​លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​ព្រឹទ្ធសភា ដែល​ជា​សាក្សីរ​ស់ម្នាក់ នៅក្នុង​ការបង្កើត​ចលនា​តស៊ូ ២​ធ្នូ ដែល​បាន​រំដោះ​ប្រទេស​ជាតិ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បាន​រំលឹក​អនុស្សាវរីយ៍​ដ៏​លំបាកលំបិន ក្នុង​ការបង្កើត​កម្លាំង​មហាជន ដើម្បី​រំដោះប្រជាជន និង​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត​។

​លោកស្រី បាន​មានប្រសាសន៍​ទាំង​ទឹកភ្នែក​នៅ​ក្នុង​ការ​រំលឹក​ដល់​វី​វរៈ​ភាព​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា សម្តេច​ទាំង​បី បាន​លះបង់​ជីវិត លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​។​

​លោក វង សូ​ត បាន​មានប្រសាសន៍​លើកឡើង​ពី​សកម្មភាព​តស៊ូ​របស់ សម្តេច ហេង សំរិន ដែល​សម្តេច បាន​ចំណាយ​ពេលវេលា​សឹង​ពេញ​មួយ ជីវិត​ដើម្បី​ប្រទេសជាតិ​។ លោក​បាន​គូសបញ្ជាក់ថា សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើង​វិញ​” គឺជា​ឯកសារ​សំខាន់​មួយ​សម្រាប់​មនុស្ស ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ពី​អតីតកាល​របស់​កម្ពុជា​។ សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើង​វិញ​” បាន​បង្ហាញ​ពី​ការបង្កើត​ចលនា មហាជន​២​ធ្នូ និង​ផល​លំបាក​គ្រប់ជំពូក​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ចាប់ពី​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​មក​។ សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើង​វិញ​” បាន​រៀបចំ​បោះពុម្ពផ្សាយ​ដោយ​ក្រុម ហ៊ុន EDM Books នៅ​ប្រទេស​សិង្ហបូរី និង​ធ្វើ​ការចែក​ផ្សាយ​នៅ​កម្ពុជា ដោយ Monuments Books​។ ដោយឡែក​ការ​ចែកចាយ​នៅ​ក្រៅ​ប្រទេស​កម្ពុជា គឺ​តាមរយៈ APD សឹង្ហ​បូរី និង​បណ្តាញ​សៀវភៅ​ជាតិ​ក្នុង​សហរដ្ឋអាមេរិក​។ សៀវភៅ​ថ្មី​នេះ ក៏​នឹង​អាច​រក​ទិញ​បាន​ផង​ដែរ​នៅតាម Amazon.com នា​ដើមឆ្នាំ​២០១៩​។

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដែល​បាន​ថ្លែង​បើក​ពិធី សម្ពោធ និង​ផ្សព្វផ្សាយ សៀវភៅ​នេះ​បាន​មានប្រសាសន៍ថា សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើង​វិញ​” ជា​សក្ខីភាព​បង្ហាញ​អោយ​មតិ​ជាតិ និង​អន្តរជាតិ បានដឹង​ពី​បុព្វហេតុ​ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន​របស់​ឥស្សរជន​ស្នេហា​ជាតិ​កម្ពុជា ដែលមាន​សម្តេច​ពញា​ច​ក្រី ជា​ដើម​នោះ​។

​លោក បាន​លើកឡើង​ថា សម្តេច ហេង សំរិន ជា​វីរៈបុរស​ស្នេហា​ជាតិ​ពិតប្រាកដ​ម្នាក់ ដែល​បាន​ខិតខំ​រំដោះ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រហូត​មក ពោល​គឺ ពេញ​មួយ​ជីវិត​របស់​សម្តេច គឺ​តស៊ូ​ដើម្បី​ប្រទេស និង​ប្រជាជន ហើយ​វីរៈភាព​ទាំងនោះ បាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​រស់​ឡើង​វិញ​” នេះ​៕​ ដោយ​ ៖ ​កូឡាប​

    

spot_img
×