កោះកុង ៖ សម្រាប់ការធ្វើដំណើរទៅមក ខេត្តកោះកុង-ខេត្តត្រាត ក្នុងឱកាសកម្ពុជារៀបចំពិធីបុណ្យសមុទ្រនៅខេត្តកោះកុង លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ស្នើឱ្យក្រុមការងារខាងភាគីកម្ពុជា ទំនាក់ទំនងជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចបើកបររថយន្តពីកម្ពុជា ឆ្លងទៅខេត្តត្រាត ឬពីត្រាត មកកោះកុង ឱ្យមានភាពងាយស្រួលជាងថ្ងៃធម្មតា និងគួរស្នើសុំឱ្យមានការបើកអនុញ្ញាត ឆ្លងចេញចូល ២៤ម៉ោង ក្នុងរយៈពេលបុណ្យ ៣ថ្ងៃ ដូចកាលបុណ្យសមុទ្រលើកមុនដែរ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកថោង ខុន បានលើកឡើងថា អង្គប្រជុំបានលើកឡើងអំពីការងារមួយចំនួន ដែលបាននិងកំពុងត្រៀម សម្រាប់ពិធីបុណ្យសមុទ្រមកដល់ ក្នុងនោះមានដូចជា ៖ ផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុង ត្រូវបានក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់កងវិស្វកម្ម កំពុងសហការគ្នាពន្លឿនការជួសជុលជិតរួចរាល់ ១០០ភាគរយហើយ។ បញ្ហាស្នាក់នៅរបស់ភ្ញៀវទេសចរ និងកីឡាករថៃ ក្រៅពីការស្នាក់នៅក្នុងទឹកដីកម្ពុជា ខាងថៃ (ខេត្តត្រាត) ក៏បានផ្តល់កិច្ច សហការដ៏ល្អ ក្នុងការត្រៀមរៀបចំទទួលភ្ញៀវស្នាក់នៅ ក្នុងតម្លែសមរម្យផងដែរ ទាំងនៅខ្លងយ៉ែ និងនៅត្រាតផងដែរ ភាគីថៃបានត្រៀមបន្ទប់ស្នាក់មិនតិចជាង ៦០០បន្ទប់ឡើយ ដែលតម្លៃចន្លោះពី ៣០០-៨០០បាត នៅខ្លងយ៉ៃ និងចន្លោះពី ១២០០-១៥០០បាត នៅទីរួមខេត្តត្រាត។
ចំពោះបញ្ហាសំរាម អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងការតុបតែងលម្អសោភ័ណភាពក្រុងខេមរភូមិន្ទ ដូចជានៅតាមអាជីវកម្មទេសចរណ៍នានាក្នុងក្រុង លោករដ្ឋមន្ត្រីបានណែនាំឱ្យមានការដាក់ធុងសំរាមឱ្យបានច្រើន អប់រំប្រជាពលរដ្ឋអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ត្រូវផ្សព្វផ្សាយយុទ្ធនាការគ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវពង្រឹងការគិតគូរលើបញ្ហាអនាម័យនៅតាមរមណីយដ្ឋានទេសចរណ៍នានា។ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋានត្រូវមានឯកសណ្ឋាន និងត្រូវផ្តល់សេវាឱ្យបានល្អ។ អនុគណៈកម្មការតុបតែងលម្អ និងរដ្ឋបាលខេត្តកោះកុង ត្រូវពន្លឿនការកែលម្អនៅតាមទីសាធារណៈមួយចំនួន ក្នុងក្រុងខេមរភូមិន្ទ និងនៅគ្រប់គោលដៅដែលបានកំណត់។
គ្រប់គោលដៅទេសចរណ៍កម្សាន្ត ទាំងនៅឆាយអារ៉ែង ជីផាត ព្រែកោងកាង ឆ្នេរខ្សាច់ថ្មីបាក់ខ្លង តំបន់កម្សាន្តផ្សេងទៀតក៏បានត្រៀមរួចរាល់។ ចំពោះការត្រៀបរៀបចំស្តង់ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម និងម្ហូបអាហារក៏បានត្រៀមរៀបចំរួចរាល់ហើយ ដែលបច្ចប្បន្នមានការចូលរួមជាង ៤០០ស្តង់។ រីឯការរៀបចំព្យុហយាត្រា ទស្សនីយភាពសិល្បៈក៏បានត្រៀមរួចរាល់ហើយដែរ។ មកដល់ពេលនេះ មានក្រុមសិល្បៈពីប្រទេសជាមិត្តបានបញ្ជាក់ពីការចូលរួមរួចហើយ គឺមាន ថៃ វៀតណាម ឥណ្ឌា ឥណ្ឌូណេសុី។ កម្មវីធីប្រកួតកីឡា ជាតិ អន្តរជាតិ និងសកម្មភាពកីឡា ក៏បាន ត្រៀមរួចរាល់។
ការរៀបចំពិធីដាំកូនកោងកាង និងការរៀបចំសិក្ខាសាលាឆ្នេរស្អាត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ (ដែលកម្មវិធីនេះ ក៏មានការចូលរួមពីលោកអគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោកផងដែរ) និងមានការផ្ដល់ប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម ដែលមានស្នាដៃឆ្នើមក្នុងវិស័យទេសចរណ៍ នៅក្នុងខេត្តជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា (កោះកុង ព្រះសីហនុ កំពត និងកែប) ក៏បានត្រៀមរួចរាល់ហើយ។
អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សុខាភិបាល ក៏បានត្រៀមផែនការរួចរាល់។ រដ្ឋបាលខេត្តបានរៀបចំបបង្គន់អនាម័យចល័តសាធារណៈឱ្យបានគ្រប់គ្រាន់។ ប៉ុស្តិ៍សន្តិសុខចរាចរណ៍ចល័ត ក្រុមគ្រូពទ្យសង្គ្រោះចល័តតាមដងផ្លូវក៏បានត្រៀមរួចរាល់។
ដោយឡែក ចំពោះការរៀបចំប្រកួតកីឡាវាយកូនគោលនៅកោះស្តេច ដែលជាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីចូលរួមអបអរបុណ្យសមុទ្រ ក៏បានត្រៀមរួចរាល់ផងដែរ។ លោករដ្ឋមន្ត្រីបានរំលឹកឱ្យមានការអប់រំ និងត្រួតពិនិត្យអាជីវករទាំងអស់នៅខេត្តកោះកុង សូមកុំដំឡើងថ្លៃសេវាកម្មហួសហេតុ។ លោករដ្ឋមន្ត្រីក៏បានសូមឱ្យប្រជាពលរដ្ឋអញ្ជើញទៅចូលរួមកម្សាន្តបុណ្យសមុទ្រ៕ ដោយ ៖ បញ្ញាស័ក្តិ