ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន កាលពី ថ្ងៃទី 25 ខែវិច្ឆិកាឆ្នាំ 2018 បានឲ្យដឹងថា ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារ ស៊ីនហាន របស់កូរ៉េខាងត្បូង ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលករខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់កម្ពុជា។ ធនាគារ ស៊ីនហាន គឺជាធនាគារទី ៧ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានសហការជាមួយធនាគារឯកទេស វីង ដើម្បីបង្កើនភាពងាយស្រួលបន្ថែមមួយកម្រិតទៀត សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅទីនោះ និងមានតម្រូវការក្នុងការផ្ទេរប្រាក់ មកកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន នៅស្រុកកំណើត។
ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចផ្ទេរប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនរបស់ធនាគារ ស៊ីនហាន (Shinhan Global S Bank) និងអនុញ្ញាតឱ្យអ្នកទទួលប្រាក់ នៅក្នុងប្រទេសកម្ពុជា អាចទទួលបានប្រាក់បញ្ញើភ្លាមៗ តាមរយៈកម្មវិធីស្មាតហ្វូន វីង ឬក៏នៅតាមភ្នាក់ងារ វីង ជាង ៦០០០កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ ស៊ីនហាន ក៏មានផ្ដល់សេវាបើកប្រាក់បៀវត្សរ៍ សម្រាប់បុគ្គលិកនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ នេះមានន័យថា ពលករខ្មែរដែលទទួលប្រាក់បៀវត្សរ៍ប្រចាំខែ តាមរយៈធនាគារ ស៊ីនហាន អាចផ្ញើប្រាក់ មកប្រកាន់ទេសកម្ពុជាភ្លាមៗ ដោយប្រើប្រាស់កម្មវិធីស្មាតហ្វូន របស់ធនាគារ ស៊ីនហាន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីខែមីនាឆ្នាំ២០១៨ បានអះអាងថា បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ៤៥.០០០នាក់ កំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយប្រជាពលករប្រមាណជា ៥០.០០០នាក់ បន្ថែមទៀត ត្រូវបានរពឹងថា នឹងស្វែងរកការងារធ្វើនៅក្នុងប្រទេសនេះ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ភាពជាដៃគូថ្មីនេះ នឹងធ្វើឲ្យការធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅប្រទេសកូរ៉េខាងត្បូង រឹតតែមានភាពទាក់ទាញដល់ប្រជាជនកម្ពុជា ដែលតែងតែមានការព្រួយបារម្ភ អំពីសុវត្ថិភាពនៃប្រាក់ចំណូល ដែលពួកគេខិតខំប្រឹងប្រែងរកបានយ៉ាងលំបាក។
លោក ចូចូ ម៉ាឡូឡូស បានបន្តថា “យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសធំបំផុតទី ២ ដែលបានផ្ដល់ការងារ ដល់ពលករចំណាកស្រុករបស់កម្ពុជា បន្ទាប់ពីប្រទេសថៃ។ សម្រាប់ពលករខ្មែរ វាគឺជាការពិចារណាដ៏សំខាន់មួយ ក្នុងការដែលអាចផ្ញើរប្រាក់មកផ្ទះបានភ្លាមៗ និងប្រកបដោយសុវត្ថិភាព ពីប្រទេសកូរ៉េខាងត្បូង។
ធនាគារឯកទេស វីង នៅតែមានការប្តេជ្ញាចិត្ត ក្នុងការសម្រួល ដល់ការផ្ទេរប្រាក់ទាំងនេះ តាមរយៈតម្លៃសេវាមួយដែលសាកសម ដោយមានជំនួយពីដៃគូអន្តរជាតិរបស់យើង គឺធនាគារ ស៊ីនហាន ដែលមានសាខាប្រមាណ ៩០០ នៅទូទាំងប្រទេសកូរ៉េខាងត្បូង។”
ធនាគារ ស៊ីនហាន គឺជាផ្នែកមួយនៃ Shinhan Financial Group ហើយក៏ជាធនាគារមួយ ក្នុងចំណោមធនាគារធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង។ នាយកប្រតិបត្តិរបស់ធនាគារ ស៊ីនហាន លោក Wi Sung-ho បាននិយាយថា ភាពជាដៃគូជាមួយ ធនាគារឯកទេស វីង គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការសម្រេចបាន នូវគោលដៅរួមគ្នាមួយ។
លោក Wi Sung-ho បន្តថា “ធនាគារ ស៊ីនហាន តែងតែបង្កើតនូវតម្លៃបន្ថែម សម្រាប់អតិថិជនរបស់ខ្លួន តាមរយៈវិធីសាស្ត្រថ្មីៗ ដែលជួយឲ្យអតិថិជនរបស់យើង គ្រប់គ្រងប្រាក់របស់ពួកគេ និងតាមទាន់របថនៃការផ្លាស់ប្តូរនានា នៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដូចគ្នានឹងធនាគារឯកទេស វីង ដែរ យើងប្តេជ្ញាដើម្បីឧត្ដមភាព និងធ្វើអ្វីៗលើសពីដែនកំណត់ នៃឧស្សាហកម្មធនាគារ តាមរយៈការផ្លាស់ប្តូរ និងការច្នៃប្រឌិត។ វាស្របទៅតាមបេសកកម្មនេះដែរ យើងមានមោទនភាព ក្នុងការពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់យើងដល់ប្រជាជនកម្ពុជាដែលកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង។”
ភាពជាដៃគូអន្តរជាតិចុងក្រោយបំផុត របស់ធនាគារឯកទេស វីង មួយនេះ មានគោលបំណងគាំទ្រ ដល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្លាំងពលកម្មចំណាកស្រុក សម្រាប់ការអភិវឌ្ឍន៍ជាតិ។ ចំណុចចម្បងមួយនៃបញ្ហានេះ គឺការលើកកម្ពស់ការប្រើប្រាស់ ប្រាក់បញ្ញើអន្តរជាតិ ដែលមានប្រសិទ្ធិភាព និងចំណាយថ្លៃសេវាកម្មតិច ដែលជាប្រភពរីកលូតលាស់ នៃលំហូរចូលមូលធនសម្រាប់ប្រទេសជាតិ។
អតិថិជនរបស់ វីង នៅកម្ពុជា អាចទទួលបានប្រាក់បញ្ញើពីជាង ២០០ ប្រទេសនៅទូទាំងពិភពលោក រួមទាំងបណ្តាប្រទេស ដែលជនអន្តោប្រវេសន៍កម្ពុជារស់នៅច្រើនបំផុត មានដូចជា ប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត៕ ដោយ ៖ កូឡាប