ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងថា ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចនៅក្រៅប្រទេស ទៅជ្រកកោននៅបរទេស តែងតែព្យាយាមបង្ហោះសារក្នុងហ្វេសប៊ុក និងប្រើប្រាស់គ្រប់វិធីទាំងអស់ រកវិធី គឺព្យាយាមឆ្កឹះឲ្យសម្តេចនិយាយជេរត្រឡប់ទៅវិញ ប៉ុន្តែសម្តេចបានបញ្ជាក់ជាចុងក្រោយ អញឈប់និយាយជាមួយហ្អែង។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មីម្ដងទៀតថា “រឿងក្រុមប្រឆាំងមិនពេញចិត្តអត់អ្វីចម្លែកទាំងអស់ ។ សុំចាំនូវកន្លែងហ្នឹង បើក្រុមប្រឆាំង គេប្រឆាំងគឺអត់អ្វីចម្លែកទាំងអស់ បើគេមិនប្រឆាំងទើបវាចម្លែក ត្រូវចាំ។ ដូចខ្ញុំទៅត្រង់ណាគេធ្វើបាតុកម្មៗរហូត ប៉ុន្តែពេលខ្ញុំទៅហ្សឺណែវ គេអត់ធ្វើបាតុកម្ម ទើបវាចម្លែក។ ពួកប្រឆាំង វាប្រឆាំងយើង ជាធម្មជាតិរបស់វា បើវាអត់ប្រឆាំងទេ ធ្វើម៉េចគេឲ្យលុយវា អាអ្នកជេរយើង ក៏វាត្រូវការទៅរស់នៅស្រុកគេ វាត្រូវជេរឲ្យខ្លាំង វាថារបបហ៊ុនសែនតាមសម្លាប់ តាមចាប់វា ទើបសុំសិទ្ធិជ្រកកោននៅប្រទេសគេបាន។ អាណិតអាណោចអាធ័ម រដ្ឋាភិបាលប្រទេសនោះល្ងង់ទៅទៀត ហើយទៅក៏ទៅទៅ ១ម៉ឺនគីឡូម៉ែត្រពីស្រុកខ្មែរ ឯងធ្វើអ្វីក៏មិនកើតដែរ ទៅចុះ បើឯងចង់ទៅហើយ ជាសិទ្ធិរបស់ឯង ប៉ុន្តែឯងដើម្បីបានទិដ្ឋាការ ឯងត្រូវជេរហ៊ុនសែនឲ្យខ្លាំង អាហ្នឹងបានទៅហើយ “។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា “កុំចម្លែកចិត្តយប់អាវិទ្យុនេះ ហៅអាក្រុមនេះធ្វើអត្ថាធិប្បាយ ហើយហ្អែងឡើង ឡើងទាល់ងាប់ ហើយខ្ញុំផ្តាំថាកុំតវា។ មានអាមួយនោះ អាហ្នឹងផុសម្ងៃៗធ្វើម៉េចឲ្យខ្ញុំតវា។ អញឈប់និយាយមួយហ្អែងៗ អញដឹងថាហ្អែងរាល់ថ្ងៃនេះ គឺជាមនុស្សដែលគេលែងយកចិត្តទុកដាក់ហើយ ។ អីចឹងមានវិធីតែមួយគត់ ហ្អែងឆ្កឹះអញឲ្យជេរហ្អែង ឲ្យនិយាយរកហ្អែង ហើយបើនិយាយពាក្យ ហ្អែងបែបនេះ វាឯងនិយាយពាក្យអសុរោះ ចុះនិយាយថាតេជគុណឯង អាគុក ។ ជេរវា វាថាហ្អែងនិយាយអសុរោះ ប៉ុន្តែវាវិញ វាជេរដល់ម៉ែឯង ។ វាជេរតាមហ្វេសប៊ុក វាបង្ហោះតាមយូធូប វាអ្នកសរសេរ វាអ្នកនិយាយ គេមិនដឹងរឿង! ព្រោះខ្លះគេទាមទារឲ្យអ្នកនេះ គេភ្លេចវាចឹងអានោះមានតែផុស ផុសចុះផុសឡើងគេជេរឯណោះ ហើយមន្ត្រីរបស់ខ្ញុំ បានប្រាប់ខ្ញុំថា អីចេះៗ ហើយខ្ញុំថា កុំឆ្លើយតប។ ខ្ញុំបញ្ជាក់ត្រឡប់ទៅវិញថា វាច្បាស់ជាចង់ឲ្យខ្ញុំឆ្លើយតបវា កុំឆ្លើយតបដល់ចឹងទៅវានៅស្ងាត់ ហ្អែងនិយាយទៀតទៅ កុំតទុកឲ្យហ្អែងនៅចឹងហើយ ដល់ត វាមានតម្លៃ ចឹងកុំតបណ្ដោយ”។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅមន្ដ្រីរាជរដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ កុំខ្លាចធ្វើសកម្មភាព ប៉ុន្តែត្រូវគោរពផលប្រយោជន៍របស់ប្រជាពលរដ្ឋ មិនថាតូចមិនថាធំ សកម្មភាពណាក៏ត្រូវតែដាក់គោលដៅឲ្យបានច្បាស់ ដើម្បីប្រយោជន៍ជាតិ ដើម្បីប្រយោជន៍ប្រជាជន មិនមែនប្រយោជន៍បុគ្គលណាមួយទេ ហើយចង់ក្លាយជាអ្នកដឹកនាំល្អ ត្រូវតែធ្វើអំពើល្អ មិនត្រូវយកអ្នកយូកូមបាតផ្សារ ធ្វើចៅហ្វាយស្រុក ឬចៅហ្វាយខេត្ត ឬឲ្យពាក់ស័ក្តិប៉ុណ្ណោះប៉ុណ្ណោះបានទេ ។ ចង់ក្លាយទៅជាអ្នកធំត្រូវរៀនឲ្យចេះ ចេះឲ្យច្បាស់ គឺលុយរត់រកឯង ៕ ដោយ ៖ រចនា