អ្នកជិះឧបករណ៍បង្ហោះលើអាកាសម្នាក់ ប៊ិះនឹងបាត់បង់ជីវិត ដោយសារតែអ្នកបញ្ជាភ្លេចពាក់ខ្សែសុវត្ថិភាពដល់គាត់។ បុរសដែលធ្វើការជិះឧបករណ៍ហោះ (Hang glider) នោះលើកដំបូង បានព្យាយាមតោងដើម្បីអោយរួចផុតជីវិត។
លោក Chris Gursky ជាអ្នកចែកចាយគ្រឿងបន្លាស់មកពីរដ្ឋ Florida បានធ្វើដំណើរកំសាន្តជាមួយប្រពន្ធគាត់ មកលេងប្រទេសស្វីស ហើយនៅទីនោះ គាត់បានជិះឧបករណ៍បង្ហោះលើអាកាសលើកដំបូង ដើម្បីមើលទេសភាពពីលើអាកាស។
នៅពេលចាប់ផ្តើមបង្ហោះឧបករណ៍ពីភ្នំពកំពស់ជាង ១.០០០ម៉ែត្រ លោក Chris Gursky បានចាប់ផ្តើមដឹងថាគាត់មានបញ្ហាហើយ ដោយសារតែអ្នកបញ្ជាភ្លេចពាក់ខ្សែសុវត្ថិភាពដល់គាត់ ហើយគាត់ត្រូវបង្ខំចិត្តធ្វើការតោងឧបករណ៍នោះ ព្រមទាំងតោងអ្នកបញ្ជាអស់ពេលជាង ២នាទី ខណៈឧបករណ៍កំពុងហោះយ៉ាងខ្ពស់។
លោកបានថ្លែងប្រាប់កាសែត Good Morning America ដូច្នេះថា “ខ្ញុំព្យាយាមធ្វើចិត្តឲ្យត្រជាក់ និងព្យាយាមតោងវាយ៉ាងជាប់ ដើម្បីរួចផុតពីជីវិត។ ខ្ញុំបានមើលចុះក្រោម ហើយគិតថា ខ្ញុំនឹងធ្លាក់
ស្លាប់”។
ទោះយ៉ាងណា អ្នកបញ្ជាបានព្យាយាមចុះចតឲ្យលឿនតាមតែអាចធ្វើបាន ហើយលោកChris Gursky មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ៕ ដោយ ៖ សុភ័ក្ត្រ
ប្រភព៖ news.sky